ប្រទេសជាមិត្តត្រៀមខ្លួនជួយសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសជាមិត្តត្រៀមខ្លួនជួយសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ប្រទេសជាមិត្តត្រៀមខ្លួនជួយសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រោយពេលដែលក្រសួងការពារជាតិកម្ពុជាដឹកនាំក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះទៅសង្កេតការណ៍នៅតាមបណ្តោយព្រំដែនជាមួយថៃ ប្រទេសមួយចំនួនបានប្រកាសជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមជួយសម្របសម្រួល និងស្វែងរកមធ្យោបាយស្តារទំនាក់ទំនងកម្ពុជា-ថៃឡើងវិញ។

Advertisement

ស្ថានទូតអង់គ្លេស តាមរយៈទំព័រហ្វេប៊ុកផ្លូវការ បានអះអាងថា ខ្លួននៅតែបន្តតាមដានយ៉ាងជាប់លាប់នូវស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ទៅលើសហគមន៍ក្នុងតំបន់នោះ ក្រោយពីសង្គ្រាមកាលពីឆ្នាំ២០២៥។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីមន្ត្រីស្ថានទូតបានរួមដំណើរជាមួយក្រុមអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ទៅកាន់ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យកាលពីថ្ងៃទី ២៨ និង ២៩ ខែមេសា។

ចំណែកស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏បានលើកឡើងដែរថា រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយជប៉ុននឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗដល់កម្ពុជា។ តំណាងស្ថានទូតជប៉ុនក៏បានចូលរួមក្នុងបេសកកម្មសង្កេតការណ៍តាមព្រំដែនកម្ពុជា-ថៃផងដែរ។

នៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Kaja Kallas តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃទី ២៨ ខែមេសា សហភាពអឺរ៉ុបបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា។

អឺរ៉ុប បានលើកទឹកចិត្ត និងជំរុញឱ្យកម្ពុជា-ថៃ បន្តប្រើប្រាស់ផ្លូវចរចាតាមបែបការទូត ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប្រើប្រាស់កម្លាំងបាយ។ សហភាពអឺរ៉ុបចាត់ទុកថា ការបញ្ចប់ជម្លោះព្រំដែននេះ គឺជាកត្តាចម្បងក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ានទាំងមូល។

ដោយឡែក ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និងថៃកាលពីពេលថ្មីៗនេះ ប្រមុខការទូតចិនបានបង្ហាញការគាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់ចិនក្នុងការសម្របសម្រួលដល់កិច្ចចរចាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ហើយបានជំរុញប្រទេសទាំងពីរស្តារទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នាឡើងវិញ។

អ្នកវិភាគយល់ឃើញស្របគ្នាថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនត្រឹមតែជាបញ្ហាផ្ទៃក្នុងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសន្តិសុខក្នុងតំបន់ ការធ្វើពាណិជ្ជកម្មឆ្លងដែន និងការគោរពច្បាប់អន្តរជាតិ៕

ទួន សុផល និង សេង បារាំង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា