កម្ពុជាគិតគូរពីប្រែក្លាយក្រុងនានាទៅជាក្រុងសិល្បៈ វប្បធម៌ អរិយធម៌ និងវៃឆ្លាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាគិតគូរពីប្រែក្លាយក្រុងនានាទៅជាក្រុងសិល្បៈ វប្បធម៌ អរិយធម៌ និងវៃឆ្លាត

កម្ពុជាគិតគូរពីប្រែក្លាយក្រុងនានាទៅជាក្រុងសិល្បៈ វប្បធម៌ អរិយធម៌ និងវៃឆ្លាត

បន្ទាប់ពីបញ្ចប់ការចុះបញ្ជីដីធ្លីរួចរាល់ ពេលនេះ គឺជាពេលវេលាសមស្របសម្រាប់កម្ពុជាក្នុងការគិតគូរអភិវឌ្ឍទីក្រុងនានា ឲ្យទៅជាទីក្រុងប្រកបដោយសិល្បៈ វប្បធម៌ អរិយធម៌ សុភមង្គល ងាយស្រួលរស់នៅ និងមានធនធានមនុស្សចេះដឹង ឆ្លាតវ័យ ដើម្បីធានាបានទាំងកំណើនសេដ្ឋកិច្ច និងគុណភាពជីវិតល្អប្រសើរ។

Advertisement

នេះគឺជាលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវេទិកាជាតិលើកទី៣ ស្តីពី “ទីក្រុង និងលំនៅឋាន៖ ការកសាងអនាគតទីក្រុងកម្ពុជា ផលិតភាព និងភាពធន់ ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន” ដែលរៀបចំឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរៀបចំទីក្រុងឱ្យមានរបៀបរៀបរយ ជាមួយចក្ខុវិស័យវែងឆ្ងាយ ត្រូវផ្តោតលើការកំណត់ និងបែងចែកតំបន់អភិវឌ្ឍន៍ឱ្យច្បាស់លាស់ ដូចជា តំបន់ឆ្នេរ តំបន់កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស និងទីប្រជុំជនជាដើម។ ការរៀបចំនេះ ក៏ត្រូវផ្សារភ្ជាប់ជាមួយការអភិវឌ្ឍរបៀង និងប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ចទីក្រុង និងលើកកម្ពស់គុណភាពជីវិត។

ឯកឧត្តមបានជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត បន្តគិតគូរកំណត់តំបន់ដែលត្រូវរក្សាទុកជាតំបន់អភិរក្ស ជាពិសេស តំបន់ភ្នំក្រវាញ បឹងទន្លេសាប និងទន្លេមេគង្គ ដែលមានតម្លៃជីវៈចម្រុះ និងជាគ្រឹះសម្រាប់សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការរៀបចំ និងអនុវត្តន៍តាមប្លង់គោលនៃការប្រើប្រាស់ដី ដើម្បីការធានាឱ្យមានការប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាព តុល្យភាព និងចីរភាព ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកវេទិកានេះថា ជាឱកាសសំខាន់សម្រាប់ការពិភាក្សារួមគ្នា ក្នុងការកំណត់ទិសដៅអភិវឌ្ឍទីក្រុង និងលំនៅឋាននៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេល២០ឆ្នាំចុងក្រោយ បានបង្កើតឱកាសឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ មានប្រាក់ចំណូល និងមានលទ្ធភាពកែលម្អជីវភាពរស់នៅកាន់តែប្រសើរ។

សម្រាប់ទិសដៅអនាគតវិញ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីគោលបំណងនៃការប្រែក្លាយតំបន់ជនបទឲ្យទៅជាបុរីជនបទ មានទឹក ភ្លើង និងផ្លូវគ្រប់ទីកន្លែង ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល, និងសារសំខាន់នៃការរៀបចំទីក្រុងឲ្យក្លាយទៅជា “ភូមិឋានក្សេមក្សាន្ត” មានសុវត្ថិភាព គ្មានអំពើចោរកម្ម និងគ្រឿងញៀន និងជា “ទ្រនំសុភមង្គល” ដែលផ្អែកលើវប្បធម៌ និងសុភមង្គលគ្រួសារ។

ដោយឡែក សម្រាប់រាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា អាជ្ញាធរត្រូវផ្តោតលើការដោះស្រាយបញ្ហាចម្បងៗ ដូចជាការជន់លិចនៅរដូវវស្សា ការកកស្ទះចរាចរណ៍ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការរៀបចំសួននិងលំហសាធារណៈ ការរៀបចំសំណង់មិនរៀបរយ និងការដោះស្រាយបញ្ហាអគារចាស់ទ្រុឌទ្រោម ដើម្បីផ្តល់បរិយាកាសរស់នៅថ្មីល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសចៀសផុតពីការបៀតបៀន អំពើហិង្សា គ្រឿងញៀន និងជំងឺឆ្លងជាដើម៕

រូបភាព៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា