លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា គឺបង្ហាញអំពីការមិនបោះបង់ជនរងគ្រោះណាម្នាក់ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា គឺបង្ហាញអំពីការមិនបោះបង់ជនរងគ្រោះណាម្នាក់ឡើយ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា គឺបង្ហាញអំពីការមិនបោះបង់ជនរងគ្រោះណាម្នាក់ឡើយ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ការបន្តបរិច្ចាគថវិកា ធនធាន និងសម្ភារៈផ្សេងៗជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ការងារមនុស្សធម៌ បានបង្ហាញអំពីទឹកចិត្តសប្បុរស ដោយមិនបោះបង់ជនរងគ្រោះ គ្រួសារកងទ័ពពលី គ្រួសាយុទ្ធជនរបួសពិការ និងបងប្អូនភៀសសឹកណាម្នាក់ឱ្យនៅឯកោឡើយ ។

Advertisement

ក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ការបន្តបរិច្ចាគធនធាន ដល់កាកបាទក្រហមកម្ពុជា ក្នុងដំណាក់កាល នៃវិបត្តិពិភពលោកកើតឡើងជាបន្តបន្ទាប់ រួមទាំងកម្ពុជាផងនោះ គឺបានបង្ហាញពីការមិនភ្លេចក្នុងការជួយសង្គម ជួយដល់អ្នកត្រូវការ និងអ្នកខ្សត់ខ្សោយជាង ។

លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀត ការជួបជុំនៅពេលនេះ មិនត្រឹមតែជាកម្មវិធីប្រគល់ និងទទួលថវិកាប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជាក់បន្តអំពីទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែលតែងតែឈរជាមួយគ្នា នៅពេលដែលប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា សម្រាប់កាកបាទក្រហមកម្ពុជា ការបរិច្ចាគរបស់សប្បុរសជន មិនមែនគ្រាន់តែជាចំនួនថវិកា ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាទំនុកចិត្តប្រគល់ជូនកាកបាទក្រហមកម្ពុជា ហើយនេះគឺជាក្តីមេត្តា ដែលចេញពីបេះដូង ដោយមានស្ពានមួយ ពីអ្នកដែលមានលទ្ធភាព ជួយ ទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខ និងត្រូវការដៃមួយ ដើម្បីជួយគាំទ្រដល់ពួកគាត់ ។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែលបរិច្ចាគនេះ នឹងប្រែក្លាយជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់គ្រួសារមួយដែលកំពុងជួបការលំបាក ប៉ុន្តែលើសពីនេះទៅទៀត គឺជាកម្លាំងចិត្តសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារជនភៀសសឹក ជាការលួងលោម និងលើកទឹកចិត្តសម្រាប់គ្រួសារជនពលី និងយុទ្ធជនរងរបួស ហើយជាសារដ៏កក់ក្ដៅ សម្រាប់ប្រាប់ពួកគាត់ថា ពួកគាត់មិនត្រូវបានបំភ្លេចចោលនោះទេ នេះហើយជាអត្ថន័យដ៏ធំធេង នៃការបរិច្ចាគ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តទៀតថា កាកបាទក្រហមកម្ពុជា នឹងបន្តបេសកកម្មសប្បុរសរបស់ខ្លួន មិនទុកឱ្យជនរងគ្រោះណាម្នាក់នៅឯកោ ដោយមិនទទួលបានការជួយសង្គ្រោះនោះឡើយ ជាមួយនឹងការឈានមុខគេក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បំពេញបេសកកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ ។

ជាមួយនេះ លោកជំទាវបណ្ឌិត តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំនូវការថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ចំពោះព្រះរាជទាននូវព្រះរាជកិច្ចគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ និងគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសក្នុងទិវា ៨ ឧសភា ២០២៦ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហទ័យ ប្រោសព្រះរាជឧបត្ថម្ភនូវព្រះរាជទ្រព្យសរុបចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងបេសសកម្មមនុស្សធម៌នេះ ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីឆ្នាំពី២០២៥កន្លងទៅ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយ ដែលទទួលបានពីធនធាន នៃការបរិច្ចាកពីសប្បុរសជននានា ជួយដល់គ្រួសារកងទ័ពពលី យុទ្ធជនរងរបួស គ្រួសារភៀសសឹក ជនរងគ្រោះនានា ក៏ដូចជាជនមានពិការភាពជាដើមសរុបរាប់ម៉ឺនគ្រួសារ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា