រដ្ឋមន្រ្តីការងារ៖កម្ពុជាគិតគូលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីការងារ៖កម្ពុជាគិតគូលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត

រដ្ឋមន្រ្តីការងារ៖កម្ពុជាគិតគូលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត

ភ្នំពេញ៖ក្នុងពិធីអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បានថ្លែងថា​ ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងគិតគូរពីសុខភាពផ្លូវចិត្តដល់បងប្អូនកម្មករនិយោជិត មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាព និងធានានិរន្តរភាពអាជីវកម្ម។

Advertisement

មានប្រសាសន៍ទៅកាន់អ្នកចូលរួមជាង១៣០០នាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បានលើកឡើងថា ក្រសួងនឹងដាក់ឱ្យសាកល្បងនូវប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិ ដើម្បីតាមដានកម្រិតកម្ដៅ ជាតិពុល ក្លិនស្អុយ ខ្យល់ និងសំណើមនៅតាមរោងចក្រ។ជាមួយគ្នានេះ យុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងសុខភាពផ្លូវចិត្ត ក៏កំពុងត្រូវបានជំរុញយ៉ាងសកម្ម ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផាសុក​ភាពពិតប្រាកដ។

ពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» នៅព្រឹកថ្ងៃទី១៣ ខែឧសភា បានប្រារព្ធ​ក្រោម​ប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” ។
 
ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកប្រធានបទនេះ សំខាន់សម្រាប់កម្ពុជា។​គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការ​យកចិត្តទុកដាក់​បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្តហើយ​រួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើយ​មិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ ដែលនាំឱ្យអង្គការ ILO បង្កើតអនុសញ្ញា ១៥៥ និង ១៨៧ ដែលផ្តោត​លើសុវត្ថិភាពនិងសុខភាពការងារ។
 
 ឯកឧត្តម ហេង សួរ បានពន្យល់យ៉ាងលម្អិតអំពីមូលហេតុបង្កនៃបញ្ហាទាំងពីរនេះ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងដាក់​ចេញនូវ​វិធានការជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។ ក្នុងនោះ ក្រសួងបានពង្រឹង​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន តាមរយៈការរៀបចំកម្មវិធី​បណ្ដុះ​បណ្ដាល ការចុះត្រួតពិនិត្យ និងការតាមដានយ៉ាងសកម្ម។ ជាពិសេស ក្នុងស្មារតីបុរេសកម្ម ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់​ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅ និងការលើកកម្ពស់​សុខភាព​ផ្លូវចិត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែផ្ដល់អាទិភាព​ខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។

បន្ថែមលើវិធានការបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអធិការពេទ្យការងារ បន្តពង្រឹងតួនាទីរបស់​ខ្លួនឱ្យបាន​ពេញលេញ ក្នុងការជំរុញឱ្យតាមបណ្តាសហគ្រាស រោងចក្រ រៀបចំប្រព័ន្ធតាមដានកម្ដៅ និងប្រព័ន្ធផ្ដល់ព័ត៌មានរហ័ស ក៏ដូចជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) ឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹក​ចិត្តឱ្យមានការបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ និងប្រើប្រាស់យន្តការត្រីភាគី ដើម្បីពង្រីកវិសាលភាពនៃការការពារ​កម្មករ​និយោជិតឱ្យកាន់តែទូលំទូលាយ។

ក្នុងឱកាសនេះដែរលោក ទុន សុភ័ណ្ឌ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO, លោក He Enjia ប្រធានសមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក សំ សឿន ប្រធានសហភាព​ពលកម្មជាតិកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្ត ប្តេជ្ញាបន្តកិច្ចសហការ​ជាមួយរាជរដ្ឋាភិបាល និងជំរុញឱ្យមានកិច្ចខិតខំរួមគ្នាបន្ថែមទៀតពីភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហានេះ​សម្រាប់កម្មករ​និយោជិត៕

អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា