សម្តេចតេជោ ហ៊ុន សែន ណែរនាំឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីដែលកាងជនខិលខូចនាំទុរេនចូលពីថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ណែរនាំឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីដែលកាងជនខិលខូចនាំទុរេនចូលពីថៃ

សម្តេចតេជោ ហ៊ុន សែន ណែរនាំឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីដែលកាងជនខិលខូចនាំទុរេនចូលពីថៃ

ស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការចាត់វិធានការផ្លូវច្បាប់ ចំពោះមន្ត្រីដែលកាងជនខិល ខូចលួចនាំទុរេនចូលពីថៃមកកម្ពុជា។

Advertisement

ថ្លែងពីខេត្តស្វាយរៀង នាឱកាសនៃជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសួរនាំរឿងមន្ត្រីដែលកាង ជនខិល ខូចនាំទុរេនចូលពីថៃ តែចេញមកអះអាងថា ជាទុរេនខេត្តកំពង់ចាមនាំទៅលក់នៅបាត់ដំបង ។

សម្តេចតេជោបានសម្ដែងការហួសចិត្តចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលទៅប្រកាសថា ទុរេននោះជាទុរេនខេត្តកំពង់ចាម ខណៈអ្នកនាំចូលនោះបានសារភាពរួចហើយ។ សម្តេចបានឲ្យសួរទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះមន្ត្រី ក.ប.ប ផងដែរថា តើមានចំណាត់ការបែបណា?

សម្តេចតេជោ បញ្ជាក់ថា ៖ ហេតុអ្វីមន្ត្រីយើង ទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ឯខ្ញុំក៏មិនទាន់អស់ចិត្តដែរ ។ តើមានវិធានការលើមន្ត្រីរូបហ្នឹងហើយនៅ ?

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចជាអ្នកខេត្តកំពង់ចាម គឺទុរេនកំពង់ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ដល់ខេត្តបាត់ដំបងទេ យ៉ាងច្រើនមានក្នុងខេត្តកំពង់ចាម និងមកដល់ភ្នំពេញប៉ុណ្ណោះ ។ សម្តេចបន្ថែមថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ។

សម្តេចតេជោ ក៏បានណែនាំដល់មន្ត្រីគ្រប់រូបមិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ ហើយសម្រាប់មន្ត្រីបែបនេះ មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន ។ «គួរពិនិត្យដកមន្រ្តីកាំកុងត្រូល ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ » នេះជាប្រសាសន៍របស់សម្តេច។

ជុំវិញករណីទុរេនខេត្តកំពង់ចាមនាំចូលទៅបាត់ដំបងនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ ម្ដងហើយថា ទុរេនកំពង់ចាម មិនទាន់មានលទ្ធភាព ផ្គត់ផ្គង់ទៅខេត្តបាត់ដំបងនោះទេ ។ សេចក្តីអត្ថាធិប្បាយនេះធ្វើឡើង បន្ទាប់ពីមានការផ្ទុះប្រតិកម្មរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការដាក់លក់ទុរេនជាច្រើន ក្នុងផ្សារភូពុយ ក្រុងបាត់ដំបង ដែលក្រុមប្រជាពលរដ្ឋសង្ស័យថា ជាទុរេននាំចូលពីប្រទេសថៃ។

ទោះជាយ៉ាងណា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក ប ប) សាខាខេត្តបាត់ដំបង បានអះអាងថា ក្រោយពីបានសាកសួរ ក្រុមអាជីវករ ទុរេន ដែលនាំចូលមកលក់នៅផ្សារភូពុយ គឺមានប្រភពមកពីបែកអន្លូង ស្ទឹងត្រង់ មេមត់ ខេត្តកំពង់ចាម ផ្សារនាគមាស ផ្សារដើមគរថ្មី រាជធានីភ្នំពេញ និងពុំមានការទិញពីឈ្មួញ ឬអ្នកនាំចូលទុរេនពីថៃនោះទេ ។

ក្រោយពីព្រឹត្តិការណ៍ផ្លែទុរេនដ៏ចម្រូងចម្រាស់នេះ នគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវរកឃើញស្រ្តីម្នាក់ ឈ្មោះ ព្រឿន សាក់ឡែន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន ដែលបាននាំចូលទុរេនសរុប ២ពាន់គីឡូក្រាម ពីប្រទេសថៃ តាមច្រកកាប៊ីន ទៅលក់នៅខេត្តកំពង់ចាម។

អាជ្ញាធរនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនឈ្មួញទុរេននេះជាបណ្តោះអាសន្ន និងបានពង្រីកការស៊ើបអង្កេត ដល់អ្នកជាប់ពាក់ព័ន្ធ ក្នុងការបញ្ជាទិញទុរេនថៃ នៅក្នុងខេត្តកំពង់ចាម និងស៊ើបអង្កេតដល់ច្រកទ្វារព្រំដែនកាប៊ីន ផងដែរ ហើយសមត្ថកិច្ចក៏នៅបន្តការស្រាវជ្រាវករណីពាក់ព័ន្ធ ការនាំចូលទុរេននេះនៅឡើយ ។

ចំណែកលោក អ៊ុក គង់ ប្រធានសមាគមទុរេនកម្ពុជា កត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំ ឈ្មួញតែងតែនាំចូលទុរេនពីប្រទេសជិតខាង ដែលធ្វើឲ្យខូចកេរ្កិ៍ឈ្មោះផ្លែទុរេនរបស់ខ្មែរ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា