ចម្រៀង AI កំពុងអង្រួនបេះដូងអ្នកស្តាប់ រង្គើទាំងពិភពសិល្បៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចម្រៀង AI កំពុងអង្រួនបេះដូងអ្នកស្តាប់ រង្គើទាំងពិភពសិល្បៈ

ចម្រៀង AI កំពុងអង្រួនបេះដូងអ្នកស្តាប់ រង្គើទាំងពិភពសិល្បៈ

ស្របពេលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស វិស័យសិល្បៈតន្ត្រីនៅកម្ពុជាក៏កំពុងប្រឈមមុខនឹងការប្រែប្រួលថ្មីមួយ ដែលនាំមកទាំងការកោតសរសើរ និងការព្រួយបារម្ភ។ បទចម្រៀងដែលផលិតដោយ AI ចាប់ពីការនិពន្ធទំនុកច្រៀង ការរៀបចំទំនុកភ្លេង រហូតដល់ការត្រាប់សំឡេងសិល្បករល្បីៗ កំពុងលេចធ្លោយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ពិសេស Facebook TikTok និង YouTube។

Advertisement

បាតុភូតនេះកំពុងចោទជាសំណួរសំខាន់មួយ ថាតើ AI គឺជាជំហានឆ្ពោះទៅកាន់ភាពទំនើបនៃសិល្បៈតន្ត្រីខ្មែរ ឬក៏ជាការគំរាមកំហែងដល់តម្លៃស្នាដៃដើម និងអាជីពពិតប្រាកដរបស់សិល្បករ? ជាងនេះទៅទៀត តើបទចម្រៀង AI គួរទទួលបានការការពារកម្មសិទ្ធិបញ្ញាដែរឬទេ?

លោក ខាំ ភូរិ អ្នកនិពន្ធ និងដឹកនាំរឿង បានលើកឡើងថា បច្ចេកវិទ្យាគួរតែត្រូវបានប្រើប្រាស់ ដើម្បីលើកតម្កើងស្នាដៃសិល្បៈ មិនមែនដើម្បីលុបបំបាត់ ឬកេងចំណេញពីស្នាដៃអ្នកដទៃនោះទេ។ លោកបញ្ជាក់ថា ការយកបទចម្រៀងចាស់ៗមកកែច្នៃឡើងវិញដោយ AI អាចជារឿងល្អ ប្រសិនបើធ្វើឡើងក្នុងគោលបំណងអភិរក្ស និងរំលឹកគុណស្នាដៃដើម ដោយមានការសុំសិទ្ធិត្រឹមត្រូវ។ ប៉ុន្តែ វានឹងក្លាយជាបញ្ហាធ្ងន់ធ្ងរ ប្រសិនបើធ្វើឡើងក្នុងគោលបំណងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយរំលោភលើសិទ្ធិអ្នកដទៃ។

អ្នកជំនាញសិល្បៈរូបនេះយល់ឃើញថា វិស័យសិល្បៈតន្ត្រីគួរតែដើរទន្ទឹមគ្នាជាមួយបច្ចេកវិជ្ជា AI ដើម្បីជួយពន្លឿនការងារ និងបង្កើនប្រសិទ្ធភាពនៃការផលិតស្នាដៃ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏គួរមានច្បាប់ និងយន្តការគ្រប់គ្រងច្បាស់លាស់ ដើម្បីទប់ស្កាត់ការរំលោភលើកម្មសិទ្ធិបញ្ញា និងសិទ្ធិអ្នកស្នងមរតកស្នាដៃ។

ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងកំពុងយកចិត្តទុកដាក់តាមដានការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ រួមទាំង AI ផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ AI ដើម្បីរំលោភបំពានលើស្នាដៃអ្នកដទៃ គឺជារឿងមិនអាចទទួលយកបាន។ ប៉ុន្តែ ការប្រើប្រាស់ AI ក្នុងន័យជួយសម្រួលដល់ការបង្កើតស្នាដៃថ្មីៗវិញ គឺជារឿងវិជ្ជមាន និងគួរត្រូវបានលើកទឹកចិត្ត។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌រូបនេះ ក៏បានគូសបញ្ជាក់ថា ច្បាប់សិទ្ធិអ្នកនិពន្ធនៅប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជា មិនទាន់មានប្បញ្ញត្តិគ្របដណ្ដប់លើ AI នៅឡើយទេ ព្រោះច្បាប់នៅកម្ពុជាត្រូវបានអនុម័តតាំងពីឆ្នាំ២០០៣មកម៉្លេះ។ ទោះជាយ៉ាងណា គោលការណ៍ទូទៅនៃកម្មសិទ្ធិបញ្ញា គឺការពារស្នាដៃដែលបង្កើតឡើងដោយមនុស្ស មិនមែនស្នាដៃដែលបង្កើតឡើងដោយម៉ាស៊ីន ឬ AI នោះឡើយ។

ក្រសួងបានអំពាវនាវដល់អ្នកប្រើប្រាស់ស្នាដៃ ឱ្យសិក្សា និងគោរពច្បាប់សិទ្ធិអ្នកនិពន្ធ ជាពិសេសការដកស្រង់ខ្លឹមសារខ្លីៗពីស្នាដៃដើម ដែលច្បាប់អនុញ្ញាត ដើម្បីជៀសវាងការរំលោភបំពានលើសិទ្ធិម្ចាស់ស្នាដៃ។

ចំណែកលោក ហ៊ីន សុភាព អ្នកជំនាញបច្ចេកវិទ្យា និងឌីជីថល បានលើកឡើងថា រាជរដ្ឋាភិបាលគួរពិចារណាប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីរក្សា និងផ្ទៀងផ្ទាត់ប្រភពមាតិកាឱ្យបានច្បាស់លាស់។ លើសពីនេះ ការរៀបចំច្បាប់សមស្រប គឺជាកត្តាចាំបាច់ក្នុងការជំរុញឧស្សាហកម្មច្នៃប្រឌិត ដោយរក្សាបាននូវតម្លៃពិតនៃសិល្បៈមនុស្ស។

លោកក៏បានលើកទឹកចិត្តឱ្យមានការបង្កើតកម្មវិធី Software ដែលអាចបណ្តុះបណ្តាល AI ឱ្យយល់ដឹងស៊ីជម្រៅអំពីវប្បធម៌ និងគុណតម្លៃខ្មែរ។ តាមរយៈការអភិវឌ្ឍបែបនេះ AI នឹងមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់បោកប្រាស់ ឬបំភាន់មតិសាធារណៈនោះទេ ប៉ុន្តែអាចក្លាយជា “ម៉ាស៊ីនផលិតមាតិកាខ្មែរ” ដ៏មានសក្តានុពល ដែលអាចជួយពង្រីកសមត្ថភាពមនុស្ស និងជំរុញសេដ្ឋកិច្ចឌីជីថល។

ទោះជាយ៉ាងណា ជុំវិញការវិវឌ្ឍនៃវិស័យនេះ ក្រសួងវប្បធម៌បានបង្ហាញក្ដីបារម្ភថា ការប្រើប្រាស់ AI ជំនួសមនុស្ស ទាំងសំឡេង និងតួអង្គ អាចបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សិល្បករ សិល្បការិនី ដូចជាបាត់បង់ចំណូល និងឱកាសការងារ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យថយចុះនូវគំនិតច្នៃប្រឌិត និងការបង្កើតស្នាដៃថ្មីៗ ដែលអាចនាំទៅដល់ការធ្លាក់ចុះនៃតម្លៃវប្បធម៌ជាតិផងដែរ៕​ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា