ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនដើម្បីអបអរ“ឆ្នាំទេសចរណ៍ កម្ពុជា-ចិន” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនដើម្បីអបអរ“ឆ្នាំទេសចរណ៍ កម្ពុជា-ចិន”

ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនដើម្បីអបអរ“ឆ្នាំទេសចរណ៍ កម្ពុជា-ចិន”

ក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍កម្ពុជា រៀបចំព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡាងឆាង ដើម្បីអបអរសាទរ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន” និងបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

Advertisement

ក្បួនរថយន្តបើករថយន្តឆ្លងកាត់ព្រំដែននេះបានចេញដំណើរពីរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមាណិតចិន ដោយមានការចូលរួមជូនដំណើរពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

កម្មវិធីនេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ទាំង១២ក្នុងក្របខ័ណ្ឌ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដែល កំពុងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការបង្កើនទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍ ក៏ដូចជាទំនាក់ទំនង និងបេះដូងរវាងប្រជាជននៃប្រជាជាតិទាំងពីរ ហើយក៏ជាការរួមចំណែកសំខាន់ក្នុងការសម្រេចឱ្យបាន ការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា និងចិន។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើមានរយៈពេល ២៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ក្បួនរថយន្តចេញដំណើរពីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ឆ្ពោះទៅ កាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ឆ្លងកាត់តាមប្រទេសឡាវ រួចបន្តដំណើរទៅកាន់ខេត្តយូណាន ប្រទេសចិន ដោយគ្រោងទៅដល់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ មួយថ្ងៃក្រោយមក ក្បួនរថយន្តនឹងចេញដំណើរពីខេត្តយូណាន ត្រឡប់មកកម្ពុជាវិញ ដោយគ្រោងមកដល់ខេត្តសៀមរាបនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា Caravan Tour មេគង្គ-ឡាងឆាង អបអរសាទរ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិននេះ គឺជាការបង្ហាញអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍កម្ពុជា-ចិន ដែលឈរលើស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយកាន់តែស៊ីជម្រៅជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ក៏បានលើកឡើងផងដែរថា ការជ្រើសរើសផ្លូវឆ្លងកាត់ប្រទេសឡាវ និងផ្លូវខេត្តយូណាន គឺជាការតភ្ជាប់ខ្សែក្រវ៉ាត់ទេសចរណ៍តាមផ្លូវគោកនៃបណ្តាប្រទេសរស់នៅតាមបណ្តាដងទន្លេមេគង្គ ឡាងឆាង ដែលជាតំបន់មានសក្កានុពលសេដ្ឋកិច្ច និងទេសចរណ៍យ៉ាងខ្លាំង។

លោកជំទាវពន្យល់ទៀតថា ព្រឹត្តិការណ៍នេះបង្ហាញពីឆន្ទៈរឹងមាំក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការណ៍ទេសចណ៍ និងការតភ្ជាប់កិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចរវាងកម្ពុជា ឡាវ និងចិន ដែលធ្វើដំណើរតាមក្បួនរថយន្ត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយសក្កានុពលទេសចរណ៍កម្ពុជា ជាពិសេសផ្សព្វផ្សាយយុទ្ធនាការទស្សនាកម្ពុជាសម្រាប់រដូវកាលបៃតងក្នុងឆ្នាំ២០២៦។

ជាមួយគ្នានេះ លោក ញឹម សុវណ្ណរ៉ូ តំណាងក្លិបមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដែលនាំរថយន្ត៣០គ្រឿងចូលរួមក្នុងក្បួនរថយន្ត Caravan Tour មេគង្គ-ឡាងឆាង បានបង្ហាញមោទនភាព និងការប្តេជ្ញាចិត្តផ្សព្វផ្សាយតាមរយៈកីឡាយានយន្តរបស់លោកទៅកាន់ពេលរដ្ឋឡាវ និងចិនឱ្យមកកម្សាន្តនៅកម្ពុជា៕

រូបភាព រិន រចនា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា