កម្ពុជាបង្កើនប្រុងប្រយ័ត្នខ្ពស់ចំពោះអេបូឡាប្រភេទថ្មី ដែល WHO ចាត់ទុកជាបញ្ហាសុខភាពសាកលបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបង្កើនប្រុងប្រយ័ត្នខ្ពស់ចំពោះអេបូឡាប្រភេទថ្មី ដែល WHO ចាត់ទុកជាបញ្ហាសុខភាពសាកលបន្ទាន់

កម្ពុជាបង្កើនប្រុងប្រយ័ត្នខ្ពស់ចំពោះអេបូឡាប្រភេទថ្មី ដែល WHO ចាត់ទុកជាបញ្ហាសុខភាពសាកលបន្ទាន់

ប្រទេសកម្ពុជាបង្កើនប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអេបូឡាប្រភេទថ្មី ដែលកំពុងផ្ទុះរាត្បាតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា។ WHO ប្រកាសថា នេះជា «បញ្ហាសុខភាពសាធារណៈដែលមានការព្រួយបារម្ភជាសាកល »។ ​
 
ស្ថានភាពនៃការផ្ទុះរាត្បាតជំងឺអេបូឡាថ្មី នៅតំបន់អាហ្វ្រិកកំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភជាសាកល។ ​គិតត្រឹមថ្ងៃសៅរ៍១៦ឧសភា មានករណីសង្ស័យកើនឡើងដល់ ២៤៦ ករណី និងមានអ្នកស្លាប់ក្នុងសហគមន៍ ដែលសង្ស័យថាបណ្តាលមកពីវីរុសនេះចំនួន ៨០ នាក់។ នេះបើយោងតាមរបាយកាណ៍របស់អង្គការសុខភាពពិភពលោក (WHO) ដែលដកស្រង់ផ្សព្វផ្សាយបន្តដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា។
 
កត្កាគួរឲ្យព្រួយបារម្ភបំផុតនោះ គឺការផ្ទុះឡើងក្នុងរលកថ្មីនេះបង្កឡើងដោយមេរោគអេបូឡាពូជ Bundibugyo ដែលជាប្រភេទវីរុសកាចសាហាវ និងពុំទាន់មានវ៉ាក់សាំងការពារ ហើយក៏គ្មានការព្យាបាលជាក់លាក់ណាមួយត្រូវបានអនុម័តឱ្យអនុវត្តនៅឡើយដែរ ដែលខុសពីមេរោគអេបូឡាពូជ Zaire ធ្លាប់ផ្ទុះឡើងនាពេលកន្លងទៅ។
  
ឆ្លើយតបនឹងការប្រកាសអាសន្នជាសកលនេះ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់បំផុត។ ទោះបីជាមកទល់ពេលនេះ ប្រទេសកម្ពុជាមិនទាន់មានការរកឃើញករណីសង្ស័យ ឬករណីឆ្លងវីរុសអេបូឡានេះក៏ដោយ ប៉ុន្តែអាជ្ញាធរសុខាភិបាលបានដាក់ចេញនូវវិធានការបង្កាជាមុន។
 
ជាក់ស្តែង ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកធ្វើដំណើរដែលទើបត្រឡប់មកពីប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា ឬបានធ្វើដំណើរឆ្លងកាត់ប្រទេសទាំងពីរនេះ ក្នុងករណីមានលេចចេញរោគសញ្ញាសង្ស័យណាមួយ ដូចជាគ្រុនក្តៅខ្លាំងភ្លាមៗ អស់កម្លាំង ឈឺសាច់ដុំ ឈឺក្បាល ឈឺបំពង់ក ឬមានសញ្ញាឈាមហូរតាមអញ្ចាញធ្មេញជាដើម ត្រូវប្រញាប់ទៅពិគ្រោះជំងឺ និងទទួលការពិនិត្យនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតជាបន្ទាន់។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ស្ថាប័នអាកាសចរណ៍ស៊ីវិលបាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល ក្នុងការដាក់ចេញនូវវិធានការរឹតបន្តឹង និងត្រួតពិនិត្យសុខភាពរបស់អ្នកដំណើរយ៉ាងម៉ឺងម៉ាត់បំផុត។
ឯកឧត្តមបានសង្កត់ធ្ងន់ថា វិធានការម៉ឺងម៉ាត់នេះត្រូវបានអនុវត្តចាប់តាំងពីដំណាក់កាលចាប់ផ្តើមផ្ទុះឡើងដំបូងនៃជំងឺឆ្លង និងបន្តអនុវត្តយ៉ាងសកម្មរហូតមកទល់បច្ចុប្បន្ន ដើម្បីធានាឱ្យបាននូវសន្តិសុខសុខភាពសាធារណៈ និងទប់ស្កាត់រាល់ហានិភ័យនៃការនាំចូលជំងឺឆ្លងនានាមកកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។
 
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានណែនាំដល់សាធារណជនអាចរាយការណ៍ ឬសាកសួរព័ត៌មានបន្ថែមមកកាន់លេខទូរស័ព្ទ Hotline ១១៥ របស់នាយកដ្ឋាន ដែលត្រៀមលក្ខណៈឆ្លើយតប ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីទទួលបានការណែនាំផ្នែកវេជ្ជសាស្ត្រទាន់ពេលវេលា និងទប់ស្កាត់ហានិភ័យនៃការនាំចូលជំងឺនេះមកក្នុងប្រទេសកម្ពុជា៕

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា