បណ្ឌិត្យសភានគរបាលកម្ពុជារៀបចំការប្រកួតកីឡាឆ្លងកាត់ឧបសគ្គលើកទី១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ឌិត្យសភានគរបាលកម្ពុជារៀបចំការប្រកួតកីឡាឆ្លងកាត់ឧបសគ្គលើកទី១

បណ្ឌិត្យសភានគរបាលកម្ពុជារៀបចំការប្រកួតកីឡាឆ្លងកាត់ឧបសគ្គលើកទី១

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការពេញចិត្ត និងអបអរសាទរចំពោះលទ្ធផលជោគជ័យនៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គវគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

Advertisement

នេះជាលើកទី១ ដែលបណ្ឌិត្យសភានគរបាលកម្ពុជារៀបចំការប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី» ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយសម្បទា ស្មារតីអត់ធ្មត់ ភាពវៃឆ្លាត និងសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

ការប្រកួតបានធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានកីឡាករ កីឡាការិនីមកពីបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងសាលានគរបាលជាតិភូមិភាគទាំង៦ បានស្ម័គ្រចិត្តចូលរួមហ្វឹកហាត់បច្ចេកទេសសរុបចំនួន ២៥២នាក់។

តាមរយៈការហ្វឹកហាត់ និងការជម្រុះកម្រិតបឋម គណៈកម្មការបានជ្រើសរើសបេក្ខជនឆ្នើមបានចំនួន ៧២នាក់ ក្នុងនោះនារី ៣២នាក់ សម្រាប់ការប្រកួតជាក្រុម និងឯកត្តជនបុរស-នារី លើវិញ្ញាសាឧបសគ្គចំនួន ១៩។ វិញ្ញាសាទាំងនោះតម្រូវឱ្យបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ដោយប្រើប្រាស់កាយសម្បទារឹងមាំ ភាពវៃឆ្លាត ការគោរពវិន័យ ការសម្រេចចិត្តក្នុងស្ថានភាពលំបាក និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ស សុខា បានអបអរសាទរដល់ជ័យលាភីដែលទទួលបានពាន និងរង្វាន់លើកទឹកចិត្ត ព្រមទាំងជំរុញដល់បេក្ខជនដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ ឱ្យបន្តខិតខំហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពបន្ថែម។ ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមថា ការប្រកួតនេះនឹងក្លាយជាមូលដ្ឋានដុសខាត់សមត្ថភាពសម្រាប់ការចូលរួមប្រកួតកម្រិតប្រហាក់ប្រហែលគ្នានេះ ក្នុងវិស័យកងទ័ព ដែលរៀបចំដោយក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃនាពេលខាងមុខ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព និងវីរនគរបាលជាតិគ្រប់ជំនាន់ ដែលបានលះបង់អាយុជីវិតការពារជាតិមាតុភូមិ ថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខជូនប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញកាត់ខ្សែបូផ្ទាំងរូបភាព «កម្ពុជាស្រឡាញ់សន្តិភាព» និងទស្សនាក្បួនព្យុហយាត្រា ព្រមទាំងសកម្មភាពអន្តរាគមន៍បង្ក្រាបបទល្មើសផ្សេងៗរបស់និស្សិតនគរបាលផងដែរ៕

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា