ពិធីពុទ្ធាភិសេកដំឡើងប្ញទ្ធិបារមី «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិធីពុទ្ធាភិសេកដំឡើងប្ញទ្ធិបារមី «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ»

ពិធីពុទ្ធាភិសេកដំឡើងប្ញទ្ធិបារមី «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូល​មុខ​វិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦។

រូប «ព្រះវិស្ណុគង់​លើ​ស្ដេចគ្រុឌ» ដ៏ល្បីនេះត្រូវបានដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ មកកាន់ទីតាំងដើមនេះវិញ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា កន្លងទៅ។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួង​ព្រលឹង​​ដែលនាំ​មកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។ រូបសំណាកនេះ ត្រូវបានដកចេញ និងជំនួសរូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី៧ នៅអំឡុងឆ្នាំ២០១០ ឬ២០១១ ដោយរូបសំណាកនេះត្រូវបានយកទៅដាក់នៅក្បែរ​រង្វង់​មូលរដ្ឋបាល​ខេត្តឧត្តរមានជ័យ។

Advertisement

ឯកសារនានាបានរៀបរាប់ថា ដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់​គង់លើស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការគោរពចំពោះ​ឫទ្ធា​នុភាព​របស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ចំណែកឯនៅក្នុងវប្បធម៌ និងសិល្បៈខ្មែរ  ទម្រង់ “ព្រះនារាយណ៍គង់លើគ្រុឌ” គឺជាតំណាងដ៏មានឥទ្ធិពលបំផុតមួយ ចាប់តាំងពីសម័យមុនអង្គរ អង្គរ រហូតមកដល់បច្ចុប្បន្ន ចំណែកឯក្នុង សិល្បៈចម្លាក់ យើងតែងសង្កេតឃើញរូបចម្លាក់នេះនៅលើហោជាង ផ្តែរ ឬតាមជ្រុងនៃប្រាសាទបុរាណនានា (ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះខ័នជាដើម)។ គ្រុឌច្រើនតែបង្ហាញខ្លួនក្នុងទម្រង់ឈរយ៉ាងរឹងមាំ ដៃទាំងពីរលើកត្រកង ឬទ្រព្រះបាទរបស់ព្រះនារាយណ៍ ដែលកំពុងឈរ ឬគង់ភ្នែនពីលើ ដៃកាន់អាវុធទិព្វ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បានបួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះករុណា​ ព្រះមហាក្សត្រ ​និង ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត  ព្រមទាំងប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ហើយ​សូម​គោរព​ជូនពរ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុនម៉ាណែត  ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូមឱ្យ​ជួប​សេចក្តីសុខ សេចក្តី​ចម្រើន​គ្រប់​ក្រុម​គ្រួសារ។ ជាពិសេស សូមឱ្យប្រទេសជាតិ ជៀសផុតនូវជំងឺ​ឧបទ្រពចង្រៃ​ គ្រោះធម្មជាតិ​នានា សម្បូរណ៍ភ្ញៀវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន ហើយសូមប្រសិទ្ធិ​ពរជ័យ​ដល់​កងកម្លាំងប្រដាប់អាវុធជួរមុខ និង​នាំមក​នូវ​សេចក្តីសុខសេចក្តីចម្រើន​ជូន​ប្រទេសជាតិ៕

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា