ឯកឧត្តម សាយ សំអាល់ ប្រាប់វេទិកាពិភពលោកថា កម្ពុជាកំពុងឈានជើងចូលយុគសម័យថ្មីប្រកបដោយក្តីសង្ឃឹម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ ប្រាប់វេទិកាពិភពលោកថា កម្ពុជាកំពុងឈានជើងចូលយុគសម័យថ្មីប្រកបដោយក្តីសង្ឃឹម

ឯកឧត្តម សាយ សំអាល់ ប្រាប់វេទិកាពិភពលោកថា កម្ពុជាកំពុងឈានជើងចូលយុគសម័យថ្មីប្រកបដោយក្តីសង្ឃឹម

ក្នុងនាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមនៅក្នុងវេទិកា​ពិភពលោកស្តីពីទីក្រុង​ លើកទី១៣​ ដែលសហការរៀបចំដោយ​កម្មវិធីអង្គការសហប្រជាជាតិទទួលបន្ទុកលំនៅឋាន​មនុស្សជាតិ (UN Habitat)​ និងរដ្ឋាភិបាលសាធារណរដ្ឋ​ Azerbaijan នៅទីក្រុង​ Baku ប្រទេស អាហ្សែបាហ្សង់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
 
នៅក្នុងពិធីបើកវេទិកានេះជាផ្លូវការកាលពីថ្ងៃចន្ទ ទី១៨ឧសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងសុន្ទរកថាមួយ ដោយ​រៀបរាប់ពីដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្លាប់មានអតីតកាលដ៏រុងរឿង និងមានអារ្យធម៌ខ្ពង់ខ្ពស់ក្នុងសម័យអង្គរ ប៉ុន្តែជម្លោះផ្ទៃក្នុង និងសង្គ្រាមរាប់រយឆ្នាំជាបន្តបន្ទាប់ ​បានធ្វើឱ្យប្រទេសកម្ពុជារងការបំផ្លិចបំផ្លាញខ្ទេចខ្ទី និងក្លាយជាសមរភូមិសង្គ្រាមត្រជាក់គួរឱ្យរន្ធត់។
 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា របត់ប្រវត្តិសាស្ត្រថ្មីមួយត្រូវបានបើកឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាព ដែលបាននាំមកនូវការផ្សះផ្សាជាតិ ការព្យាបាលផ្លូវចិត្ត និងបង្រួបបង្រួមគ្រប់ភាគីជម្លោះឱ្យមករួមរស់ក្រោមដំបូលតែមួយ បង្កើតបានជាមូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
 
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ឈរលើខឿនសន្តិភាពដ៏រឹងមាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តចាប់យកឱកាសដើម្បីកសាងកម្ពុជាថ្មីមួយ ដោយផ្ដោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដើម្បីធានាឱ្យប្រជាពលរដ្ឋមានការងារធ្វើ ប្រាក់ចំណូលសមរម្យ អាហារូបត្ថម្ភគ្រប់គ្រាន់ និងទទួលបានការអប់រំពេញលេញ។
 
ឯកឧត្តមក៏បានលើកឡើងផងដែរពីគោលនយោបាយគាំពារសង្គម ដែលត្រូវបានអនុវត្តយ៉ាងសកម្ម តាមរយៈការផ្តល់ដីសម្បទាន​សម្រាប់កសិកម្ម និងកម្មវិធីលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋមានចំណូលទាប។ ​ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានផ្ដល់ជីវភាពថ្មីដល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺនគ្រួសារ ហើយបានដាក់ទិសដៅបញ្ចប់បញ្ហាតាំងទីលំនៅមិនរៀបរយក្នុងពេលឆាប់ៗខាងមុខ។
  
ទោះជាយ៉ាងណា ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក និងការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងយ៉ាងពិតប្រាកដដល់ការស្តារឡើងវិញរបស់កម្ពុជា។ ក្នុងនាមជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបបំផុតមួយ កម្ពុជានៅតែបង្ហាញការទទួលខុសត្រូវខ្ពស់ចំពោះពិភពលោក ដោយកម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលបានដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
 
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានប្រាប់អង្គវេទិកាថា កម្ពុជាបានបង្កើនកញ្ចប់ថវិកាសម្រាប់សកម្មភាពអាកាសធាតុ លើកកម្ពស់ថាមពលកកើតឡើងវិញ អនុម័តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង  ព្រមទាំងបានផ្តួចផ្តើមគំនិតបង្កើត “កិច្ចព្រមព្រៀងបៃតងអាស៊ាន” (ASEAN Green Deal) ដើម្បីរួមចំណែកការពារភពផែនដី។ ជាចុងក្រោយ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា កម្ពុជាកំពុងឈានជើងចូលក្នុងយុគសម័យថ្មីប្រកបដោយក្តីសង្ឃឹម៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា