កម្ពុជាផ្សព្វផ្សាយបេក្ខភាពក្នុងគណៈកម្មការបេតិកភណ្ឌវប្បធម៌អរូបីយូណេស្កូ អាណត្តិ២០២៦-២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាផ្សព្វផ្សាយបេក្ខភាពក្នុងគណៈកម្មការបេតិកភណ្ឌវប្បធម៌អរូបីយូណេស្កូ អាណត្តិ២០២៦-២០៣០

កម្ពុជាផ្សព្វផ្សាយបេក្ខភាពក្នុងគណៈកម្មការបេតិកភណ្ឌវប្បធម៌អរូបីយូណេស្កូ អាណត្តិ២០២៦-២០៣០

ប្រទេសកម្ពុជាបានសម្រេចដាក់បេក្ខភាពចូលជាសមាជិកគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី ខណៈការបោះឆ្នោតជ្រើសរើសសមាជិកថ្មី គ្រោងនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល UNESCO នាទីក្រុងប៉ារីស ក្នុងខែមិថុនាខាងមុខនេះ។

Advertisement

ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង កាលពីថ្ងៃទី២២ ខែឧសភា បានរៀបចំពិធីផ្សព្វផ្សាយអំពីបេក្ខភាពរបស់កម្ពុជាក្នុងគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០ ដោយមានការថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ​លោកជំទាវបានបង្ហាញពីទស្សនវិស័យ ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែកការពារ អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងក្របខណ្ឌរបស់ UNESCO។

លោកជំទាវគូសបញ្ជាក់ថា សម្រាប់កម្ពុជា ការការពារបេតិកភណ្ឌគឺជាកិត្តិយសផង និងជាការទទួលខុសត្រូវរួមផង។ វប្បធម៌មិនត្រឹមតែជាការចងចាំនៃអតីតកាលនោះទេ ប៉ុន្តែវាជាស្ពានសម្រាប់កសាងកិច្ចសន្ទនា ការយោគយល់គ្នា និងសន្តិភាព។ ជាងនេះទៅទៀត លោកជំទាវរដ្ឋមន្ត្រីបានសន្យាថា ប្រសិនបើជាប់ឆ្នោត កម្ពុជានឹងជំរុញការការពារបេតិកភណ្ឌរស់ដោយស្មើភាព ចែករំលែកចំណេះដឹងដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់វប្បធម៌ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយចីរភាព។

គណៈកម្មការអន្តររដ្ឋាភិបាលដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី គឺជាស្ថាប័នអន្តរជាតិដ៏សំខាន់មួយរបស់ UNESCO ដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីដឹកនាំ និងតាមដានការអនុវត្តការងារអភិរក្សវប្បធម៌ ប្រពៃណី របស់បណ្តាប្រទេសសមាជិក។

គណៈកម្មការនេះមានតួនាទីពិនិត្យ វាយតម្លៃ និងសម្រេចលើសំណើចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពីបណ្តាប្រទេសនានា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ UNESCO ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងថែរក្សា និងបន្តមរតកវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។

សមាជិកទាំង២៤រូបនៃគណៈកម្មការអន្តររដ្ឋាភិបាលនេះ ត្រូវបានបោះឆ្នោតជ្រើសរើសដោយរដ្ឋភាគី ក្នុងមហាសន្និបាត ដោយអនុលោមតាមគោលការណ៍នៃការបែងចែកក្រុមទៅតាមតំបន់ភូមិសាស្ត្រ។ សមាជិកនីមួយៗមានអាណត្តិរយៈពេល៤ឆ្នាំ។

សម្រាប់អាណត្តិ ២០២៦-២០៣០ មានកៅអីទំនេទាំងអស់ចំនួន១២។ ចំពោះក្រុមទី៤ ដែលជាក្រុមប្រទេសអាស៊ី និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជាផង មានកៅអីទំនេចំនួន ៤។ គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ប្រទេសចំនួន​ ៥បាន​ប្រកាសបេក្ខភាពប្រកួតប្រជែង ក្នុងនោះមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ជប៉ុន ហ្វីលីពីន សាធារណរដ្ឋកូរ៉េ និងតួម៉េនីស្ថាន។ ការបោះឆ្នោតនឹងប្រព្រឹទ្ធទៅនៅក្នុងមហាសន្និបាតលើកទី១១ នៃបណ្តារដ្ឋភាគីនៃអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលនឹងប្រារព្ធឡើងនៅទីស្នាក់ការអង្គការ UNESCO នៅទីក្រុងប៉ារីស នៅថ្ងៃទី១៧ និង១៨ ខែមិថុនា ឆ្នាំនេះ។

បេតិកភណ្ឌវប្បធម៌អរូបី សំដៅលើជំនឿ កិច្ចប្រតិបត្តិ សិល្បៈសម្ដែង ចំណេះដឹង និងជំនាញប្រពៃណី ដែលប្រទេស ឬសហគមន៍នីមួយៗទទួលស្គាល់ថាជាផ្នែកមួយនៃអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ មរតកទាំងនេះត្រូវបានផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយ។

សម្រាប់កម្ពុជា បេតិកភណ្ឌវប្បធម៌អរូបីជាច្រើនត្រូវបាន UNESCO ចុះបញ្ជីរួចហើយ ក្នុងនោះមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្តែត គុនល្បុក្កតោ និងក្រមា។ កម្ពុជាក៏កំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីបន្ថែមទៀត ដូចជា ពិធីអាពាហ៍ពិពាហ៍ខ្មែរ និងមហាសង្ក្រាន្ត៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា