ជនជាតិចិន ៦នាក់ជាប់ពន្ធនាគារអស់មួយជីវិតនៅកម្ពុជា ក្នុងករណីសម្លាប់និស្សិតកូរ៉េ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនជាតិចិន ៦នាក់ជាប់ពន្ធនាគារអស់មួយជីវិតនៅកម្ពុជា ក្នុងករណីសម្លាប់និស្សិតកូរ៉េ​

ជនជាតិចិន ៦នាក់ជាប់ពន្ធនាគារអស់មួយជីវិតនៅកម្ពុជា ក្នុងករណីសម្លាប់និស្សិតកូរ៉េ​

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានប្រកាសនៅថ្ងៃពុធម្សិលមិញថា ក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីកាត់ទោសលើសំណុំរឿងព្រហ្មទណ្ឌដែលបានកើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ហេតុការណ៍នេះ បានប្រព្រឹត្តទៅនៅចំណុចអគារលេខមួយ ក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលបានបណ្តាលឱ្យនិស្សិតជនជាតិកូរ៉េខាងត្បូងឈ្មោះ PARK MINHO បាត់បង់ជីវិត។
 
ក្រោយពីបានឆ្លងកាត់ការដេញដោលយ៉ាងដិតដល់ ការពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់រួចមក តុលាការបានរកឃើញពិរុទ្ធភាពគ្រប់គ្រាន់ និងបានប្រកាសសាលក្រមព្រហ្មទណ្ឌ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយសម្រេចដាក់ពន្ធនាគារអស់មួយជីវិតលើជនជាប់ចោទ ដែលជាជនជាតិចិនចំនួន ៦ នាក់។
 
ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង» ដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។ ជាង​នេះ​​ទៅទៀត តុលាការក៏បានសម្រេចរឹបអូសវត្ថុតាងទាំងអស់ ដែលត្រូវបានចាប់យក និងមានការពាក់ព័ន្ធនឹងបទល្មើសខាងលើនេះផងដែរ។
 
ឃាតកម្មដ៏សាហាវព្រៃផ្សៃលើនិស្សិតកូរ៉េនេះបាននាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ហើយវាក៏បានប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុតនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះនិងក្រុមគ្រួសារ និងការមិនអត់អោនដល់ឧក្រិដ្ឋជន​ពាក់ព័ន្ធនឹងការឆបោកតាមបច្ចេកវិទ្យា។

Advertisement

របាយការណ៍ចុងក្រោយរបស់គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្ហាញថា ក្នុងរយៈពេល១១ខែចុងក្រោយ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង ៤០០ ករណី។ ក្នុងនោះ អាជ្ញាប័ណ្ណកាស៊ីណូចំនួន ២៥ ទីតាំងដែលរកឃើញថាមានការពាក់ព័ន្ធនឹងការឆបោកអនឡាញ ត្រូវបានដកហូត ឬព្យួរ ដើម្បីបញ្ឈប់សកម្មភាពអាជីវកម្មទាំងស្រុង។
 
ជាមួយគ្នានេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន ១៤៣ សំណុំរឿង ដែលមានជនសង្ស័យសរុបជិត ១ ៥០០នាក់ មានរហូតដល់ ១៩ សញ្ជាតិ ដូចជាចិន ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងខ្មែរជាដើម។ ដោយឡែក គិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កម្ពុជា ក៏បានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួនជិត ២ម៉ឺននាក់ ចេញពីប្រទេសផងដែរ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា