កម្ពុជាមិនទាន់ដកសញ្ជាតិខ្មែរពីកំណើតរបស់ពលរដ្ឋណាម្នាក់ទេ ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាមិនទាន់ដកសញ្ជាតិខ្មែរពីកំណើតរបស់ពលរដ្ឋណាម្នាក់ទេ ​

កម្ពុជាមិនទាន់ដកសញ្ជាតិខ្មែរពីកំណើតរបស់ពលរដ្ឋណាម្នាក់ទេ ​

រហូតមកទល់ពេលនេះ កម្ពុជាពុំទាន់មានករណីដកសញ្ជាតិពីពលរដ្ឋខ្មែរពីកំណើតណាម្នាក់ឡើយ ទោះបីជាមានការធ្វើវិសោធនកម្មច្បាប់កាលពីជិតមួយឆ្នាំមុន ដើម្បីបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

Advertisement

លោកបណ្ឌិត ទូច សុខៈ បានពន្យល់ថា ដើមឡើយមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ មិនមានចែងអំពីការដកសញ្ជាតិឡើយ។ ប៉ុន្តែក្រោយការធ្វើវិសោធនកម្មដែលត្រូវបានឡាយព្រះហស្តលេខាឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ កក្កដា ២០២៥ កថាខណ្ឌទី៣ នៃមាត្រា ៣៣ ថ្មី បានបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរ ដោយត្រូវកំណត់នៅក្នុងច្បាប់។
 
យោងតាមមាត្រា ២៩ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់សញ្ជាតិ ពលរដ្ឋខ្មែរពីកំណើតអាចត្រូវបានដកសញ្ជាតិ ប្រសិនបើត្រូវបានរកឃើញថាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ដូចជាការគប់គិតជាមួយបរទេស ឬការចូលបម្រើរដ្ឋបរទេសដោយមិនគោរពតាមបញ្ជារដ្ឋាភិបាលជាដើម។ លើសពីនេះ អ្នកដែលទទួលបានសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសពាក់ព័ន្ធនឹងអង្គព្រះមហាក្សត្រ សន្តិសុខរដ្ឋ ឬអំពើភេរវកម្ម ក៏អាចប្រឈមនឹងការដកសញ្ជាតិផងដែរ។
 
លោកបណ្ឌិត ទូច សុខៈ បានសង្កត់ធ្ងន់ថា ការដកសញ្ជាតិខ្មែរពីកំណើត មិនមែនជាការសម្រេចចិត្តធ្វើឡើងដោយងាយស្រួលនោះទេ ពោលគឺត្រូវបំពេញតាមលក្ខខណ្ឌបន្ថែម និងឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាលដូចជា បុគ្គលនោះត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំឡើងទៅ និងត្រូវតែមានសញ្ជាតិមួយផ្សេងទៀតរួចជាស្រេច ឬមានមូលដ្ឋានច្បាស់លាស់ដែលអាចជឿជាក់បានថា នឹងទទួលបានសញ្ជាតិ ឬការគាំពារពីរដ្ឋបរទេសណាមួយ ដើម្បីជៀសវាងការក្លាយជាជនគ្មានសញ្ជាតិ។

ការដកសញ្ជាតិត្រូវធ្វើឡើងតាមសំណើរបស់គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត។ កិច្ចប្រជុំលើកទី១នៃគណៈកម្មការនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ឧសភាកន្លងទៅថ្មីៗនេះ។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការខាងលើ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាលតែងប្រកាន់ខ្ជាប់គោលការណ៍នីតិរដ្ឋ ការរក្សាសន្តិសុខជាតិ និងថែរក្សាផលប្រយោជន៍ជាតិជាអតិបរមា។ ការបង្កើតយន្តការថ្មីនេះ គឺដើម្បីរួមចំណែកធានាបាននូវភាពសុក្រឹត យុត្តិធម៌ និងការគោរពច្បាប់ជាធរមាន ក្នុងដំណើរការនៃការដកសញ្ជាតិខ្មែរពីកំណើត សំដៅលើកកម្ពស់តម្លៃ និងកិត្យានុភាពនៃសញ្ជាតិខ្មែរឱ្យកាន់តែមានភាពរឹងមាំ។
 
អស់រយៈពេលជិតមួយឆ្នាំដែលច្បាប់អនុញ្ញាត  កម្ពុជាមិនទាន់មានការដកសញ្ជាតិខ្មែរពីកំណើតរបស់ពលរដ្ឋ​ណាម្នាក់ឡើយ។ ការដកសញ្ជាតិកន្លងមក គឺពាក់ព័ន្ធតែជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរប៉ុណ្ណោះ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា