សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបង្កើតច្បាប់ការពារកុមារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបង្កើតច្បាប់ការពារកុមារ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យបង្កើតច្បាប់ការពារកុមារ

ក្នុងសារលិខិតអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវដល់​ភាគីពាក់ព័ន្ធបន្តរួមគ្នាលើកកម្ពស់សិទ្ធិ ការការពារ និងសុខុមាលភាពកុមារ ដើម្បីធានាអនាគតដ៏រឹងមាំសម្រាប់កុមារកម្ពុជា។
 
សម្តេចធិបតីលើកឡើងថា កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន និងរុងរឿងនាពេលអនាគត។
 
ក្នុងសារលិខិតដដែលនេះ សម្តេចធិបតីក៏បានរំលេចអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះកុមារ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ដោយបានផ្តល់ជំនួយមនុស្សធម៌ ការសង្គ្រោះបន្ទាន់ កន្លែងស្នាក់នៅបណ្តោះអាសន្ន អាហារ សេវាសុខាភិបាល និងការគាំទ្រឱ្យកុមារអាចបន្តការសិក្សាបាន ទោះស្ថិតក្នុងស្ថានភាពភៀសសឹកក៏ដោយ។
 
ឆ្លៀតក្នុងទិវាកុមារឆ្នាំនេះ​ សម្តេចនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា និងជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

Advertisement

ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ និងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គមចំពោះអំពើហិង្សាលើកុមារ តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការរំលោភបំពានគ្រប់ទម្រង់លើកុមារឱ្យបានសមស្របនិងទាន់ពេលវេលា។

សូមបញ្ជាក់ថា ឆ្នាំនេះ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ហើយទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ធ្វើឡើងក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាង ភាពធន់និងការងារសមរម្យ»៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា