ក្រសួងបរិស្ថានបោះបង្គោលព្រំដីនៅទេទឹកពុះ ដើម្បីការពារតំបន់អភិរក្សធនធានធម្មជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថានបោះបង្គោលព្រំដីនៅទេទឹកពុះ ដើម្បីការពារតំបន់អភិរក្សធនធានធម្មជាតិ

ក្រសួងបរិស្ថានបោះបង្គោលព្រំដីនៅទេទឹកពុះ ដើម្បីការពារតំបន់អភិរក្សធនធានធម្មជាតិ

ការបោះបង្គោលព្រំដី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រសួងបរិស្ថានបានបញ្ចប់ការបោះបង្គោលព្រំដីចំនួន២១បង្គោល នៅតំបន់គម្រោងគោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងតំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
 
ក្នុងពិធីផ្សព្វផ្សាយជំរុញសកម្មភាពបង្កើនគម្របបៃតងនៅតំបន់ទេទឹកពុះ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការកំណត់ព្រំប្រទល់​ច្បាស់លាស់ អាចរួមចំណែកទប់ស្កាត់ការកាប់ឈើ ការទន្ទ្រានដីរដ្ឋ និងការកាន់កាប់ដីសហគមន៍ដោយខុសច្បាប់។
 
ឯកឧត្តមបន្តថា ការកំណត់ព្រំដីក៏ជួយសម្រួលដល់ការគ្រប់គ្រងតំបន់ និងការអាស្រ័យផលរបស់សហគមន៍មូលដ្ឋាន ព្រមទាំងរួមចំណែកការពារជីវៈចម្រុះ ថែរក្សាជម្រកសត្វព្រៃ និងរុក្ខជាតិកម្រ ព្រមទាំងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សគ្រប់ជំនាន់។
 
អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការបោះបង្គោលព្រំដីក្នុងតំបន់គម្រោងអភិវឌ្ឍន៍លម្ហែបៃតងទេទឹកពុះ ក្រសួងនឹងបន្តបោះបង្គោលព្រំដីចំនួន ៣៧បង្គោលបន្ថែមទៀតនៅជុំវិញតំបន់ការពារធម្មជាតិនោះ ដើម្បីពង្រឹងការទប់ស្កាត់ការលួចចូល រុករាន និងទន្ទ្រានដីដោយខុសច្បាប់ ព្រមទាំងធានាការអភិវឌ្ឍគោលដៅលម្ហែបៃតងនេះឱ្យមាននិរន្តរភាព។
 
ក្នុងឱកាសនោះដែរ ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអភិវឌ្ឍជីវភាពសហគមន៍ស្របតាមគោលការណ៍និរន្តរភាពបរិស្ថាន។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អង្គការ និងដៃគូអភិវឌ្ឍន៍នានា ឱ្យចូលរួមជំរុញការដាំដើមឈើ បង្កើនគម្របបៃតង និងលើកកម្ពស់ភាពស្អាតនៅតាមសហគមន៍។
 
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពន្លឿនការអភិវឌ្ឍតំបន់ទេទឹកពុះ ខេត្តកំពង់ស្ពឺ ឱ្យក្លាយជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជា។ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ រួមទាំងជនជាតិដើមភាគតិចសួយ ក្រសួងបានអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញធ្វើដំណើរឆ្លងកាត់ និងឡើងភ្នំខ្នងផ្សារកាលពីខែមីនា ឆ្នាំ២០២៥ ព្រមទាំងក្នុងដំណើរទស្សនកិច្ចថ្មីៗនៅតំបន់នេះ ដោយសម្តេចជំរុញឱ្យមានការអភិវឌ្ឍគោលដៅលម្ហែបៃតង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។
 
ក្រៅពីការបោះបង្គោលព្រំដី ក្រសួងបរិស្ថានក៏កំពុងរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់គម្រោងលម្ហែបៃតងទេទឹកពុះ ក្នុងនោះ ក៏មានការបំពាក់អំពូលសូឡា ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារផងដែរ។
 
នាពេលខាងមុខ ក្រសួងនឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើវិស័យទេសចរណ៍បៃតង ដូចជា មជ្ឈមណ្ឌលព័ត៌មាន កន្លែងគោរពបូជា កន្លែងងូតទឹក កន្លែងសម្រាកលម្ហែជាមួយធម្មជាតិ តូបលក់ផលិតផល និងផ្សារសហគមន៍ជាដើម៕
 
ដោយ៖ ង៉ាន់ ទិត្យ

Advertisement
ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា