បើកការដ្ឋានសាងសង់អគារសល្យសាស្ត្រកុមារថ្មីនៅមន្ទីរពេទ្យកុមារជាតិតម្លៃជាង ៥,២លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បើកការដ្ឋានសាងសង់អគារសល្យសាស្ត្រកុមារថ្មីនៅមន្ទីរពេទ្យកុមារជាតិតម្លៃជាង ៥,២លានដុល្លារ

បើកការដ្ឋានសាងសង់អគារសល្យសាស្ត្រកុមារថ្មីនៅមន្ទីរពេទ្យកុមារជាតិតម្លៃជាង ៥,២លានដុល្លារ

ភ្នំពេញ៖មន្ទីរពេទ្យកុមារជាតិកាលពី​ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារសល្យសាស្ត្រ​កុមារថ្មី ក្រោមជំនួយឧបត្ថម្ភរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្រោមអធិបតី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

Advertisement

អគារសល្យសាស្ត្រកុមារថ្មីនៃមន្ទីរពេទ្យកុមារជាតិមានផ្ទៃក្រឡាសរុប ៣,២៨៧​ម៉ែត្រការ៉េ ទំហំបណ្តោយ ២៩,៩ម៉ែត្រ ទទឹង ២៣,៦ម៉ែត្រ និងកម្ពស់ ៤ជាន់ រួមទាំងការបំពាក់សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រចាំ​បាច់។ គម្រោងនេះមានថវិកាសរុបប្រមាណ ៥,២លានដុល្លារអាម៉េរិក ហើយគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ​២០២៧។

គម្រោងសាងសង់នេះ ស្ថិតក្រោមផែនការពង្រឹងសមត្ថភាពផ្នែកវះកាត់របស់មន្ទីរពេទ្យកុមារជាតិ ដោយមានគោល​បំណងលើក​កម្ពស់​គុណភាពសេវាសុខាភិបាល បំពាក់បរិក្ខារវេជ្ជសាស្ត្រទំនើប និងពង្រឹងប្រសិទ្ធភាពសេវាព្យាបាលកុមារ សំដៅរួមចំណែក​ធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរចំពោះសមាគមនិកាយ​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា តាមរយៈការវិនិយោគលើហេដ្ឋា​រចនាសម្ព័ន្ធ និងបរិក្ខារពេទ្យ ដើម្បីជួយសង្គ្រោះ និងថែរក្សាជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ។

ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកការឧបត្ថម្ភនេះថា ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ មនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះ​សុខុមាល​ភាពរបស់កុមារកម្ពុជា ហើយជាការរួមចំណែកដ៏មានតម្លៃក្នុងការពង្រឹងគុណភាពសេវាសុខាភិបាលរបស់ប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមន្ទីរពេទ្យរៀបចំផែនការអភិវឌ្ឍរយៈពេលវែង រួមទាំងប្លង់មេ សំណង់អគារ និងផែនការប្រតិ​បត្តិការ​ឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលក្នុងការទាក់ទាញការវិនិយោគ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងវិស័យ​សាធារណៈនានា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងការលះបង់ខ្ពស់ ក្នុងការផ្តល់សេវាថែទាំ និងសង្គ្រោះជីវិតកុមារ ដែលជាសសរទ្រូង និងអនាគតរបស់ប្រទេសកម្ពុជា៕


ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា