គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្មគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្មគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្មគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

Advertisement

គម្រោងនេះចាប់ផ្ដើមតាំងពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ដោយក្រុមអ្នកជំនាញបានជួសជុលពង្រឹងគ្រឹះនៃតួខ្លោងទ្វារ និងរៀបថ្មដាក់ទីតាំងដើមឡើងវិញតាមលំនាំដើម ចាប់ពីគ្រឹះ និងខឿន រហូតឡើងដល់កំពូលខាងលើនៃមុខព្រហ្ម សម្រេចបានប្រមាណ៧៥ភាគរយហេីយ។

អ្នកស្រី នេត ស៊ីមន បុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងនៃកំពែងទី៥របស់ប្រាសាទតាព្រហ្ម តម្រូវឱ្យប្រើបច្ចេកទេសអាណាស្ទីឡូស (Anastylosis) ដោយមានការរុះរើរចនាសម្ព័ន្ធសំណង់ទាំងមូល ហើយរៀបផ្គុំឡើងវិញតាមលំនាំដើម។ ដ្បិតមុនជួសជុល រចនាសម្ព័ន្ធរបស់ខ្លោងទ្វារនេះ បានដួលរលំទាំងស្រុង ឯថ្មផ្សេងៗក៏ច្របល់ចូលគ្នា។ ក្រុមអ្នកជំនាញ បានអនុវត្តបច្ចេកទេសតាមដំណាក់កាលនីមួយៗ ដូចជា ការសម្រង់ប្លង់ ថតរូបស្ថានភាពមុនរុះរើ និងសរសេរលេខសម្គាល់លើថ្មនីមួយៗ មុននឹងរុះរើថ្ម ។ បន្ទាប់មករុះរើថ្មតាមរួតនីមួយៗរហូតដល់គ្រឹះចុះបញ្ជីថ្មដែលរើរួច កំណាយបុរាណវិទ្យាសិក្សាពីស្ថានភាពគ្រឹះ និងស្វែងរកថ្មដែលកប់ក្នុងដី។ ការសិក្សាពិសោធន៍ពីកំហាប់របស់ដី និងពិសោធន៍ថ្មភក់ ព្រមទាំងថ្មបាយក្រៀម។

ចំពោះថ្មដែលរលុះធ្លាក់រាយប៉ាយ ក្រុមអ្នកជំនាញបានស្វែងរកដើម្បីកំណត់អត្តសញ្ញាណ រួចផ្គុំសាកល្បងរកទីតាំងដើមរបស់ថ្មទាំងនោះឡើងវិញ។

អ្នកស្រី ស៊ីមន បញ្ជាក់ថា ការដួលរលំរបស់តួខ្លោងទ្វារ បានបង្កឱ្យថ្មមួយចំនួនបានខូចខាត បាក់បែកខូចគុណភាព និងថ្មមួយចំនួនបានបាត់បង់ សរុបប្រមាណ១៥ភាគរយ។ ក្នុងការងារជួសជុល និងពង្រឹងរចនាសម្ព័ន្ធរបស់តួខ្លោងទ្វារទាំងមូលឱ្យរឹងមាំឡើងវិញ ត្រូវការបន្ថែមថ្មថ្មី ដើម្បីជំនួសថ្មដែលខូចខាត ឬបាត់បង់ទាំងនោះ។ ការប្រើប្រាស់ថ្មថ្មីជំនួសថ្មចាស់ដែលបាត់បង់ ឬខូចគុណភាព គឺក្នុងករណី មានថ្មចាស់នៅរួតខាងលើ ហើយរួតខាងក្រោមថ្មចាស់បាត់បង់។ ដូចនេះការប្រើប្រាស់ថ្មថ្មីមិនសម្រាប់ការលម្អទេ គឺសម្រាប់ការទ្ររចនាសម្ព័ន្ធថ្មចាស់ដែលមានពីលើ និងករណីការពារជម្រាបទឹកចូលគ្រឹះតែប៉ុណ្ណោះ។

អ្នកជំនាញរូបនេះ រំពឹងថា ក្រោយពីបញ្ចប់ការជួសជុលតួខ្លោងទ្វារនេះទាំងស្រុង ខ្លោងទ្វារនេះ នឹងមានភាពពេញលេញឡើងវិញ ហើយមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងទាក់ទាញទេសចរផងដែរ។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបុរាណវិទ្យាឥណ្ឌា ក្នុងដំណាក់កាលទី៣នេះ មានគម្រោងជួសជុលខ្លោងទ្វារខាងត្បូង និងគម្រោងជួសជុលខ្លោងទ្វារខាងកើតនៃកំពែងទី៥ របស់ប្រាសាទតាព្រហ្ម ព្រមទាំងមានគម្រោងមួយចំនួនទៀត រួមមាន៖ គម្រោងជួសជុលសាលរបាំផ្នែកខាងត្បូងឈៀងខាងលិច គម្រោងជួសជុលកំពែងថ្មបាយក្រៀមជុំវិញសាលរបាំផ្នែកខាងត្បូង និងខាងជើង។ ការជួសជុល ខ្លោងទ្វាររោងទងទី៣ ផ្នែកខាងកើត ជ្រុងខាងជើង ការជួសជុលខ្លោងទ្វារកណ្តាលនៃរោងទងទី៣ ផ្នែកខាងលិច ជួសជុលកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ ផ្នែកខាងជើង និងការជួសជុលកំពែងថ្មបាយក្រៀមខាងនៅខាងលិចនៃខ្លោងទ្វារខាងត្បូងដែរ ដែលការងារទាំងនោះបានសម្រេចជាស្ថាពរហើយ។

ក្រៅពីការជួសជុលទ្រង់ទ្រាយធំ ក៏មានកិច្ចការថែទាំជាប្រចាំ ដូចជា ការទល់ទ្រសង្គ្រោះបន្ទាន់នូវចំណុចហានិភ័យ និងជួសជុលកម្រាលក្តារ ស្ពាន និងបង្កាន់ដៃដែលរៀបចំធ្វើពីឈើដើម្បីសម្រួលការទស្សនារបស់ទេសចរនៅបរិវេណប្រាសាទតាព្រហ្ម៕ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា