ក្រសួងប្រៃសណីយ៍និងធនាគារជាតិបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគាររបស់អ្នកប្រើប្រាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍និងធនាគារជាតិបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគាររបស់អ្នកប្រើប្រាស់

ក្រសួងប្រៃសណីយ៍និងធនាគារជាតិបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគាររបស់អ្នកប្រើប្រាស់

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយធនាគារជាតិនៃកម្ពុជា បើកយុទ្ធនាការស្តីពី «ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជាង៤០០នាក់។

យុទ្ធនាការនេះមានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះក៏នឹងរួមចំណែកក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាផងដែរ។

លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់នាថ្ងៃនេះ ធ្វើឡើងដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ ឱ្យបានជ្រួតជ្រាបអំពីយន្តការផ្ទៀងផ្ទាត់ខាងលើ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តយន្តការខាងលើឱ្យបានកាន់តែទូលំទូលាយ។ ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ”។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសំណូមពរឱ្យក្រុមការងារបច្ចេកទេស ប្រតិបត្តិករទូរសព្ទចល័ត និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត សហការគ្នាជំរុញយុទ្ធនាការនេះឱ្យបានទូលំទូលាយ និងត្រៀមដោះស្រាយរាល់បញ្ហាដែលអាចកើតមាន។ ឯកឧត្តមណែនាំឲ្យមានការរៀបចំសេវាផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតដោយផ្ទាល់ដល់ទីកន្លែង ដូចជានៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន រោងចក្រ សហគ្រាស និងទីប្រជុំជនជាដើម ដើម្បីអនុវត្តយុទ្ធនាការនេះឱ្យបានដោយជោគជ័យ។

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗបន្ថែមទៀត ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

Advertisement

សូមបញ្ជាក់ផងដែរថា ពិធីនេះត្រូវបានរៀបចំឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្កើតជាក្របខ័ណ្ឌជាក់លាក់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ និងគណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។ គំនិតផ្តួចផ្តើមនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន ព្រមទាំងរួមចំណែកការពារផលប្រយោជន៍អតិថិជនក្នុងការប្រើប្រាស់សេវាទូទាត់សងប្រាក់ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព និងប្រសិទ្ធភាព៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា