ការបង្រ្កាបផលិតផលថៃខុសច្បាប់នាំទៅដល់ការរកឃើញទំនិញមិនប្រក្រតីជាច្រើនប្រភេទ​​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការបង្រ្កាបផលិតផលថៃខុសច្បាប់នាំទៅដល់ការរកឃើញទំនិញមិនប្រក្រតីជាច្រើនប្រភេទ​​

ការបង្រ្កាបផលិតផលថៃខុសច្បាប់នាំទៅដល់ការរកឃើញទំនិញមិនប្រក្រតីជាច្រើនប្រភេទ​​

ការបង្រ្កាបទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃបានក្លាយទៅជាឱកាសមួយសម្រាប់ត្រួតពិនិត្យគេចពន្ធនាំចូលពីប្រទេសផ្សេងៗទៀត ព្រមទាំងទំនិញខូចគុណភាពនានា ដែលអាចបង្កហានិភ័យចំពោះសុខភាពសាធារណៈ​ ជាពិសេសផលិតផលម្ហូបអាហារ និងសាច់បង្កក។ ជាក់ស្តែង ក្នុងប្រតិបត្តិការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ដូចជា កណ្តាល និងកំពត ​សមត្ថកិច្ចបានរកឃើញ និងរឹបអូសទំនិញមិនប្រក្រតីជាច្រើនតោន។

ប្រតិបត្តិការទ្រង់ទ្រាយធំនាពេលនេះត្រូវបានគេមើលឃើញថា បម្រើដល់គោលដៅពីរក្នុងពេលតែមួយ គឺការទប់ស្កាត់ការគេចពន្ធ និងការពារសុខភាពប្រជាពលរដ្ឋ។ ដូច្នេះ​ វិធានការនេះមិនត្រឹមតែជួយកាត់បន្ថយការបាត់បង់ចំណូលពន្ធរបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការការពារអ្នកប្រើប្រាស់ពីទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា ការនាំចូលសាច់បង្កកដោយខុសច្បាប់ បានបង្កផលប៉ះពាល់ទាំងសុខភាពអ្នកប្រើប្រាស់ និងវិស័យចិញ្ចឹមសត្វក្នុងស្រុក។ លោកបញ្ជាក់ថា ទំនិញគេចពន្ធទាំងនេះបានបង្កការប្រកួតប្រជែងមិនស្មើភាព និងធ្វើឱ្យផលិតផលក្នុងស្រុកជួបការលំបាកក្នុងការប្រកួតប្រជែងទីផ្សារ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា បានចាត់ទុកយុទ្ធនាការបង្ក្រាបទំនិញខុសច្បាប់ និងខូចគុណភាពថា ជាវិធានការសំខាន់ក្នុងការកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។ លោកមានប្រសាសន៍ថា ការទប់ស្កាត់ការចរាចរទំនិញគ្មានគុណភាព អាចជួយកាត់បន្ថយហានិភ័យនៃការពុលចំណីអាហារ និងជំងឺដែលអាចកើតឡើងពីការប្រើប្រាស់ផលិតផលមិនមានសុវត្ថិភាព។

អ្នកជំនាញរូបនេះក៏បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ នឹងជួយបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌សម្រាប់អាជីវករស្របច្បាប់ និងជួយការពារផលប្រយោជន៍របស់អ្នកផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ រដ្ឋក៏អាចប្រមូលចំណូលពន្ធបានកាន់តែមានប្រសិទ្ធភាព ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ចំណែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការបង្ក្រាបទំនិញខុសច្បាប់ពីប្រទេសថៃ គឺជាការឆ្លើយតបទៅនឹង «សង្គ្រាមពាណិជ្ជកម្ម» ដែលភាគីថៃបានបើកឆាកធ្វើបាបកម្ពុជាមុន ក្រោយពីថៃបិទច្រកទ្វារព្រំដែនអន្តរជាតិជាមួយកម្ពុជាជាឯកតោភាគី។

Advertisement

ជារួម ការបង្ក្រាបទំនិញនាំចូលខុសច្បាប់ គឺជាការអនុវត្តច្បាប់ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងធានាឱ្យមានការប្រកួតប្រជែងពាណិជ្ជកម្មដោយស្មើភាព ស្របតាមគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា