ទិវាយោគៈអន្តរជាតិលើកទី១២ ពង្រឹងទំនាក់ទំនងប្រជាជន និងវប្បធម៌រវាងឥណ្ឌា-កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិវាយោគៈអន្តរជាតិលើកទី១២ ពង្រឹងទំនាក់ទំនងប្រជាជន និងវប្បធម៌រវាងឥណ្ឌា-កម្ពុជា

ទិវាយោគៈអន្តរជាតិលើកទី១២ ពង្រឹងទំនាក់ទំនងប្រជាជន និងវប្បធម៌រវាងឥណ្ឌា-កម្ពុជា

ភ្នំពេញ៖ទិវាយោគៈអន្តរជាតិលើកទី១២ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធធ្វើ នៅក្រុងសៀមរាប និងរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងពង្រឹងទំនាក់ទំនងវប្បធម៌ ព្រម ទាំងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

Advertisement

កម្មវិធីទិវាយោគៈអន្តរជាតិឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្រុងសៀមរាបកាលពីថ្ងៃទី១៩ ខែមិថុនា និងនៅ រាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារតេជោមាស តេជោយ៉ត។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋ ឥណ្ឌា ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទិវាយោគៈអន្តរជាតិឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «យោគៈដើម្បីអាយុយឺនយូរ» ដែលជាការរំលឹកអំពីសារៈសំខាន់នៃការថែរក្សាសុខភាពប្រកបដោយតុល្យភាពរវាងរាងកាយ ផ្លូវចិត្ត និងស្មារតី នៅគ្រប់ ដំណាក់កាលនៃជីវិត។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ន មនុស្សកាន់តែច្រើននៅជុំវិញពិភពលោក បានទទួលស្គាល់ថា យោគៈអាចជួយលើក​កម្ពស់សុខភាព​ទូទៅ និងបង្កើនគុណភាពជីវិតបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ការប្រារព្ធទិវាយោគៈនៅកម្ពុជា ក៏មានគោលបំណង​ជំរុញការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃយោគៈ និងជួយពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន រវាងកម្ពុជា និងឥណ្ឌាផងដែរ។

ដោយឡែកឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍បានមានប្រសាសន៍ថា យោគៈជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឱ្យមនុស្សមានសុខភាពល្អ ទាំងផ្នែកកាយសម្បទា ផ្លូវចិត្ត និងស្មារតី។ ការអនុវត្តយោគៈជាប្រចាំ អាចជួយលើកកម្ពស់គុណភាពជីវិត និងរួមចំណែកដល់ការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ចប្រកបដោយចីរភាព។

គួរជម្រាបថា យោគៈមានដើមកំណើតនៅប្រទេសឥណ្ឌាតាំងពីសម័យបុរាណ និងត្រូវបានចាត់ទុកជាការអនុវត្តដែលផ្សារភ្ជាប់រវាង​រាងកាយ ចិត្ត និងធម្មជាតិ។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ យោគៈបានរីករាលដាលទៅកាន់បណ្តាប្រទេសជាច្រើន​នៅលើពិភពលោក និងត្រូវបានអនុវត្តដោយមនុស្សរាប់លាននាក់ ដោយសារអត្ថប្រយោជន៍របស់វាចំពោះសុខភាព និង​សុខុមាល​ភាព។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៤ ប្រទេសសមាជិកចំនួន ១៧៧ បានគាំទ្រការអនុម័តរបស់អង្គការសហប្រជាជាតិ ក្នុងការ​កំណត់យកថ្ងៃទី២១ ខែមិថុនា ជា «ទិវាយោគៈអន្តរជាតិ»។ ចាប់តាំងពីឆ្នាំ២០១៥មក កម្ពុជាបានប្រារព្ធទិវានេះជាប្រចាំដើម្បី​លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈប្រយោជន៍នៃយោគៈ និងការរស់នៅប្រកបដោយសុខភាពល្អ៕
អត្ថបទ៖ជាវ ចន្ធូ
រូបភាព៖ រិន រចនា

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា