រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ផ្លូវថ្នល់

រដ្ឋសភាជាតិបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងការដឹកជញ្ជូន កាត់បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍។ ការអនុម័តនេះធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។
 
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ​។
 
តាមការគូសបញ្ជាក់របស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងហេតុ​ សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
 
ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលដៅដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើសពាក់ព័ន្ធការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមា។
 
​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ​ច្បាប់ថ្មីនេះនឹងរួមចំណែកធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែមានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវគុណភាព និងចីរភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលអាចជួយសន្សំសំចៃថវិការដ្ឋរាប់លានដុល្លារសម្រាប់ការជួសជុល និងថែទាំផ្លូវជារៀងរាល់ឆ្នាំ។
 
សម្រាប់វិស័យឯកជន​ វិសោធនកម្មនេះនឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទីក លើកកម្ពស់សមត្ថភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និងតំបន់ ព្រមទាំងពង្រឹងតម្លាភាព និងសមធម៌ក្នុងការអនុវត្តច្បាប់ តាមរយៈការកំណត់ការពិន័យ និងទោសប្បញ្ញត្តិឱ្យបានច្បាស់លាស់ និងស្របតាមស្ថានភាពជាក់ស្តែង។
 
ជាមួយគ្នានេះ ការធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគតិយុត្តិឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាយានយន្ត ក៏នឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕
 
​ដោយ ៖ វណ្ណលុក

Advertisement
ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា