អាជ្ញាធររាជធានីភ្នំពេញបិទបញ្ចប់យុទ្ធនាការចុះត្រួតពិនិត្យទំនិញតាមឃ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធររាជធានីភ្នំពេញបិទបញ្ចប់យុទ្ធនាការចុះត្រួតពិនិត្យទំនិញតាមឃ្លាំង

អាជ្ញាធររាជធានីភ្នំពេញបិទបញ្ចប់យុទ្ធនាការចុះត្រួតពិនិត្យទំនិញតាមឃ្លាំង

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី២២ ខែមិថុនានេះថា សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ អាជ្ញាធរបានបិទបញ្ចប់ការចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងឃ្លាំងនានា ដើម្បីស្វែងរកទំនិញនាំចូលខុសច្បាប់ពីប្រ​ទេសថៃហើយ ប៉ុន្តែនៅបន្តឃ្លាំមើលស្ថានការណ៍ ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់។
 
ការបិទបញ្ចប់នៅពេលនេះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញបានបើកប្រតិបត្តិការណ៍យ៉ាងខ្លាំងក្លាចុះត្រួតពិនិត្យទីតាំងចំនួនជាង ១៣០កន្លែង ដែលសង្ស័យមានការនាំចូលទំនិញ និងផលិត​ផលខុសច្បាប់ពីប្រ​ទេសថៃ។ នៅទីតាំងមួយចំនួន សមត្ថកិច្ចបានរកឃើញទំនិញនាំចូល​ខុស​ច្បាប់ពីប្រ​ទេសថៃ និងទំនិញខូចគុណភាពប្រាកដមែន។
 
លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក ប ប) បានឲ្យដឹងថា សមត្ថកិច្ចបានរកឃើញផលិតផល និងសាច់បង្កកនាំចូល​ពីប្រ​ទេសថៃសរុបចំនួនជាង ៧១៨តោន នៅក្នុងចំណោមទីតាំង ដែលបានចុះត្រួតពិនិត្យក្នុងរាជធានីភ្នំពេញ។
 
ពាក់ព័ន្ធករណីនេះ ​ជនសង្ស័យចំនួន ១៦នាក់ត្រូវបានសម្ថកិច្ច​នាំខ្លួនមកសួរនាំនៅការិ​យាល័យនគរបាលប្រឆាំងបទ​​​ល្មើ​សសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
 
ក្នុងនោះមានជនសង្ស័យចំនួន ៩នាក់ ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​សម្រេចចោទប្រកាន់ពីបទក្លែងបន្លំដើមកំណើតទំនិញ និងបទនាំចូលទំនិញដោយគ្មានការអនុញ្ញាត និងពីបទធ្វើពាណិជ្ជកម្មផលិតផលម្ហូបអាហារខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ។
 
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យទាំង ៩នាក់ ត្រូវចោទប្រកាន់​តាមបទល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងច្បាប់ស្តីពីគយ។
 
សូមបញ្ជាក់ថា ក្រោយការព្រមានធ្ងន់ៗពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អាជ្ញាធររាជធានីខេត្ត បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ​ និងសាច់បង្កក​ជាច្រើនកន្លែង ដើម្បីស្វែងរកទំនិញនាំចូលដោយខុសច្បាប់ពីប្រទេសថៃ។​ នេះគឺជាវិធានការមួយ ដើម្បីបង្រ្កាបទំនិញគេចពន្ធ និងដើម្បីការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕

Advertisement

សេង បារាំង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា