ចំពោះមុខ UN កម្ពុជាអំពាវនាវឱ្យការពារពលករចំណាកស្រុកពេលមានជម្លោះរវាងរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំពោះមុខ UN កម្ពុជាអំពាវនាវឱ្យការពារពលករចំណាកស្រុកពេលមានជម្លោះរវាងរដ្ឋ

ចំពោះមុខ UN កម្ពុជាអំពាវនាវឱ្យការពារពលករចំណាកស្រុកពេលមានជម្លោះរវាងរដ្ឋ

កម្ពុជាបានអំពាវនាវនៅចំពោះមុខអង្គការសហប្រជាជាតិ ឱ្យបណ្តាប្រទេសទទួលពលករចំណាកស្រុក ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារ និងធានាសិទ្ធិរបស់ពលករចំណាកស្រុក ជាពិសេសក្នុងអំឡុងពេលមានភាពតានតឹង និងជម្លោះរវាងរដ្ឋ។ ការអំពាវនាវនេះធ្វើឡើងដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង ដែលពលករខ្មែរបានប្រឈមនឹងការរើសអើង និងអំពើហិង្សា អំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។

Advertisement

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការគាំទ្រចំពោះអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍ ដែលបានអំពាវនាវឱ្យរដ្ឋទាំងអស់គោរពកាតព្វកិច្ចសិទ្ធិមនុស្សចំពោះជនចំណាកស្រុក និងទប់ស្កាត់ការរើសអើង អំពើហិង្សា និងការរំលោភបំពានគ្រប់ទម្រង់។

ឯកឧត្តម កែ សុវណ្ណ បានលើកឡើងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងបរិបទនៃភាពតានតឹងនាពេលថ្មីៗនេះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលពលករចំណាកស្រុកកម្ពុជាមួយចំនួនត្រូវបានរាយការណ៍ថា បានប្រឈមនឹងការស្អប់ខ្ពើម វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។

តំណាងកម្ពុជាបានគូសបញ្ជាក់ថា ពលករចំណាកស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ទាំងនៅប្រទេសដើម និងប្រទេសទទួលឲ្យធ្វើការ តាមរយៈកម្លាំងពលកម្ម ជំនាញ និងការផ្ញើប្រាក់មកកាន់គ្រួសារ។ ដូច្នេះ ការធានាសុវត្ថិភាព សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងការទទួលបានសេវាចាំបាច់នានា រួមទាំងសេវាសុខាភិបាល គឺជាកត្តាសំខាន់ដែលត្រូវធានាគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ តំណាងកម្ពុជាបានសង្កត់ធ្ងន់ថា ពលករចំណាកស្រុកមិនត្រូវក្លាយជាគោលដៅនៃការគំរាមកំហែង ឬការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនគួរក្លាយជាជនរងគ្រោះនៃភាពតានតឹងនយោបាយ ឬជម្លោះរវាងរដ្ឋនោះដែរ។

ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវដល់ប្រទេសទទួលពលករ ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករចំណាកស្រុក ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ។

ដោយឡែក ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតមកទល់ពេលនេះ ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៧៧ម៉ឺននាក់ ក្នុងនោះប្រមាណ ៦៥ម៉ឺននាក់ ទទួលបានការងារធ្វើរួចហើយ។

ឯកឧត្តមបានបន្ថែមថា ក្នុងអំឡុងពេលមានការផ្ទុះអាវុធរវាងកម្ពុជា និងថៃ ក្រុមជ្រុលនិយមថៃមួយចំនួនបានធ្វើការសាកសួរអត្តសញ្ញាណជាតិសាសន៍របស់ពលករ ដែលធ្វើឱ្យពលករខ្មែរមានការភ័យខ្លាច ហើយមួយចំនួនក៏បានរងអំពើហិង្សាផងដែរ។

អ្នកនាំពាក្យក្រសួងការងាររូបនេះ បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃថា ប្រសិនបើជួបប្រទះការធ្វើទុក្ខបុកម្នេញ ឬមិនទទួលបានការថែទាំសុខភាពត្រឹមត្រូវ អាចវិលត្រឡប់មកកម្ពុជាវិញ ខណៈការងារនៅតាមរោងចក្រ និងសហគ្រាសក្នុងស្រុកប្រមាណ ៩ម៉ឺនកន្លែង កំពុងរង់ចាំ។ ការធ្វើការនៅក្នុងស្រុក មិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍សង្គម ការថែទាំសុខភាព សំណងគ្រោះថ្នាក់ការងារ និងប្រាក់សោធននិវត្តន៍ផងដែរ៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា