ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦។ ច្បាប់ថ្មីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើនេសាទនៅដែនសមុទ្រអន្តរជាតិ និងផ្តល់សិទ្ធិឱ្យសហគមន៍នេសាទការពារដែននេសាទរបស់ខ្លួនបានកាន់តែមានប្រសិទ្ធភាព។
 
នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល កាលពីថ្ងៃទី២៥ ខែមិថុនា លោក ពុំ សុថា អគ្គនាយកនៃអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ច្បាប់ស្តីពីជលផលថ្មី ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីច្បាប់ចាស់។
 
លោកបានបញ្ជាក់ថា ប្រជានេសាទអាចធ្វើនេសាទនៅដែនសមុទ្រអន្តរជាតិបាន ប៉ុន្តែត្រូវគោរពតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ ប្រជាសហគមន៍នេសាទក៏មានសិទ្ធិការពារដែននេសាទសហគមន៍របស់ខ្លួន ដើម្បីទប់ស្កាត់ការចូលនេសាទខុសច្បាប់ពីសំណាក់ទូកនេសាទខាងក្រៅ។ លើសពីនេះ ច្បាប់ថ្មីក៏បានកំណត់អំពីទំហំ និងប្រភេទឧបករណ៍នេសាទឱ្យសមស្របទៅតាមតំបន់នេសាទនៃសហគមន៍នីមួយៗផងដែរ។
 
លោកអគ្គនាយកបានបន្ថែមថា ច្បាប់ស្តីពីជលផលថ្មីនេះ មានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព ព្រមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការពារបរិស្ថានផងដែរ។
 
ដោយឡែក លោក សូ សុន តំណាងសហគមន៍នេសាទផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា ច្បាប់ស្តីពីជលផលថ្មីនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជានេសាទតាមសហគមន៍ ព្រោះវាបានផ្តល់ព័ត៌មាន និងចំណេះដឹងទូលំទូលាយ ដែលជួយឱ្យសហគមន៍យល់ដឹងកាន់តែច្បាស់អំពីការអនុវត្តនេសាទឱ្យបានត្រឹមត្រូវតាមច្បាប់។
 
លោក សូ សុន ជឿជាក់ថា ការកំណត់ទោសទណ្ឌតាមអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ នឹងរួមចំណែកទប់ស្កាត់បទល្មើសនេសាទ និងជួយឱ្យធនធានត្រីមានកំណើនឡើងវិញ។

យោងតាមអគ្គនាយកដ្ឋានជលផល ក្នុងឆមាសទី១ ឆ្នាំ២០២៦ ករណីបទល្មើសនេសាទខុសច្បាប់មានការថយចុះគួរឱ្យកត់សម្គាល់ ដោយអាជ្ញាធរបានបង្ក្រាបបទល្មើសជាង ១ ០០០ ករណីប៉ុណ្ណោះ ខណៈក្នុងឆ្នាំ២០២៥ មានបទល្មើសនេសាទខុសច្បាប់រហូតដល់ជាង ៤ ០០០ ករណី។ ការថយចុះនេះ ត្រូវបានអគ្គនាយកដ្ឋានជលផលវាយតម្លៃថា កើតចេញពីការយល់ដឹង និងការចូលរួមរបស់ប្រជានេសាទក្នុងការគោរពច្បាប់។
 
តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញផងដែរថា នៅឆ្នាំ២០២៥ កម្ពុជាទទួលបានផលនេសាទសរុបជាង ៦៥ម៉ឺនតោន ក្នុងនោះ ផលនេសាទទឹកសាបមានជាង ៥១ម៉ឺនតោន និងផលនេសាទសមុទ្រមានជាង ១៤ម៉ឺនតោន៕
 
ដោយ៖ ជាវ ចន្ធូ

Advertisement
ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា