ម្នាស់ទឹកឃ្មុំស្ទឹងត្រែង មរតកកសិកម្មពីសម័យសង្គមរាស្ត្រនិយម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្នាស់ទឹកឃ្មុំស្ទឹងត្រែង មរតកកសិកម្មពីសម័យសង្គមរាស្ត្រនិយម

ម្នាស់ទឹកឃ្មុំស្ទឹងត្រែង មរតកកសិកម្មពីសម័យសង្គមរាស្ត្រនិយម

ភ្នំពេញ៖ ឆ្លងកាត់ប្រវត្តិសាស្ត្រនៃការដាំដុះតាំងពីសម័យសម្តេចឪ ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងបាននិងកំពុងបង្ហាញ​សក្តានុពល​សេដ្ឋកិច្ច តាមរយៈការផ្តល់ទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់សហគមន៍កសិករ។ ភាពអំណោយផលនៃកត្តាភូមិសាស្ត្រដី បានធ្វើឱ្យម្នាស់ប្រភេទនេះមានរសជាតិផ្អែមឆ្ងាញ់ដាច់គេ រហូតត្រូវបានគេទទួលស្គាល់ថា ជាកសិផលគំរូមួយប្រចាំ​តំបន់ភាគ​ឦសាន។
 
ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង មិនត្រឹមតែជាកសិផលដែលមានឱជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រវត្តិសាស្ត្រ​ផ្សារភ្ជាប់ទៅនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចឪ និងសម្តេចម៉ែ ក្នុងសម័យសង្គមរាស្ត្រនិយមផងដែរ។ កាលពី​ទសវត្សរ៍ឆ្នាំ៩០ ម្នាស់ប្រភេទនេះត្រូវបានដាំដុះដំបូងនៅស្រុកចម្ការលើ ខេត្តកំពង់ចាម ដើម្បីនាំចេញទៅកាន់ប្រទេសសិង្ហបុរី ដែលធ្វើឱ្យមានការហៅតៗគ្នាកាលនោះថា «ម្នាស់សាំងកាពួរ»។ នេះបើយោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា។
 
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា អតីតព្រះមហាក្សត្រខ្មែរធ្លាប់បានយកពូជម្នាស់​នេះទៅសាក​ល្បង​ដាំដុះនៅខេត្តកំពត និងខេត្តកែបផងដែរ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ។ ផ្ទុយទៅវិញ លក្ខខណ្ឌបរិស្ថាន និងកត្តា​ភូមិសាស្ត្រ​ដីដ៏ពិសេសនៃខេត្តស្ទឹងត្រែង បានធ្វើឱ្យម្នាស់នេះមានការលូតលាស់យ៉ាងល្អប្រសើរ និងផ្តល់នូវរសជាតិ​ផ្អែមដូច​ទឹកឃ្មុំ។
 
ពាក់ព័ន្ធនឹងការដាំដុះនាពេលបច្ចុប្បន្ន លោក សាយ ពន្លឺចិត្តះ ករុណា ដែលជាអ្នកជំនាញដាំដុះម្នាស់ នៅសហគមន៍ខេត្ត​ស្ទឹង​ត្រែងបានបង្ហាញថា ផ្ទៃដីដាំដុះម្នាស់ទឹកឃ្មុំនៅក្នុងខេត្តស្ទឹងត្រែងមានប្រមាណ ១៥ហិកតា ដែលកំពុងប្រកបរបរដោយ​ប្រជាពលរដ្ឋចំនួន ១៥គ្រួសារ។

Advertisement

បើតាមអ្នកជំនាញដដែល ជាមធ្យមផ្ទៃដីមួយហិកតាអាចផ្តល់ទិន្នផលម្នាស់ចន្លោះពី ៣៥ ទៅ ៤០តោន ក្នុងមួយឆ្នាំ។ ទោះជា​យ៉ាងណា សម្រាប់កសិករដែលមានបច្ចេកទេសខ្ពស់ អាចជំរុញទិន្នផលឱ្យហក់ឡើងដល់ ៥០ ទៅ ៦០តោនក្នុងមួយហិកតា ហើយផ្លែម្នាស់នីមួយៗមានទម្ងន់ពី ៤ ទៅ ៥គីឡូក្រាម ខណៈកសិករដែលដាំដុះតាមរបៀបទូទៅទទួលបានផ្លែទម្ងន់ពី ១កន្លះ ទៅ ២គីឡូក្រាមប៉ុណ្ណោះ។
 
អ្នកជំនាញរូបនេះ បានឱ្យដឹងទៀតថា ក្នុងមួយហិកតា អាចរកចំណូលបាន ១ម៉ឺនដុល្លារ ពីការដាំដុះម្នាស់ទឹកឃ្មុំនេះ។
 
លោក ករុណា បានអធិប្បាយថា ម្នាស់ទឹកឃ្មុំដែលដាំនៅលើទឹកដីខេត្តស្ទឹងត្រែង មានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ​ជាងគេដោយមានកំហាប់ស្ករខ្ពស់។ ផ្នែកបច្ចេកទេសដាំដុះ ទាំងការគ្រប់គ្រងពណ៌ ក្លិន និងរសជាតិ បានធ្វើឱ្យម្នាស់ទឹកទាក់ទាញ​ទេសចរឱ្យចូលទៅកម្សាន្តនៅតំបន់នេះ។
 
បច្ចុប្បន្ន ទីផ្សារម្នាស់ទឹកឃ្មុំស្ទឹងត្រែង កំពុងមានសក្ដានុពលខ្លាំង តាមរយៈការទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តដល់ចម្ការ ការលក់នៅក្នុងខេត្ត និងការដឹកជញ្ជូនទៅផ្គត់ផ្គង់នៅរាជធានីភ្នំពេញ។ ក្រៅពីការទទួលទានស្រស់ ដែលល្បីល្បាញថា​មាន​អត្ថប្រយោជន៍ចំពោះសុខភាព និងការសម្រកទម្ងន់ ម្នាស់ប្រភេទនេះក៏អាចកែច្នៃជាផលិតផលចម្រុះជាច្រើនដូចជា ទឹកម្នាស់ ស្រាម្នាស់ ជែលលាបនំប៉័ង ម្សៅទឹកផ្លែឈើ និងម្នាស់កំប៉ុង ដែលជួយបង្កើនតម្លៃបន្ថែមដល់កសិផលខ្មែរ។
 
ទោះជាយ៉ាងណាតំណាងសហគមន៍កសិករដាំម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង បានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តជួយគាំទ្របន្ថែមទៀត ដើម្បីជំរុញការដាំដុះនៅក្នុងតំបន់នេះឱ្យកាន់តែមានសក្តានុពល និងជួយលើកកម្ពស់ជីវភាពកសិករខ្មែរ ។

សូមជម្រាបថា ខេត្តស្ទឹងត្រែងមានចម្ងាយប្រហែល ៤៥៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ខេត្តនេះស្ថិតនៅភាគឦសាន​នៃប្រទេស។ទោះជាយ៉ាងណាក៏ដោយ ឯកសារមួយទៀតបានលើកឡើងថា ចម្ងាយពីភ្នំពេញទៅក្រុងស្ទឹងត្រែងគឺ ៣៧០ គីឡូម៉ែត្រ ដែលជាចម្ងាយដែលក្រុមសមាគមស៊ីក្លូកម្ពុជាបានធ្វើដំណើរក្នុងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍។ ខេត្តនេះមានការរីកចម្រើនខ្ពស់ផ្នែកកសិកម្ម និងឧស្សាហកម្ម៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា