សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការយល់ឃើញថា កំណាត់​ផ្លូវជាតិលេខ៧ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏​មានសក្តានុ​ពល និងជាខ្សែផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការតភ្ជាប់បណ្តាញដឹក​ជញ្ជូន​ទៅកាន់គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។

Advertisement

​ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិ​លេខ៧ (ស្គន់-កំពង់ចាម) នាព្រឹកថ្ងៃទ០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោម​ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាទារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំ​នៅកម្ពុជាផងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន​រំលឹកថា កំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានបើកការដ្ឋានសាងសង់​ឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអតីតឯកអគ្គរដ្ឋទូតចិន។ ដោយឡែកថ្ងៃនេះ ផ្លូវនេះត្រូវបាន​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិ​ថ្មី នាយករដ្ឋមន្ត្រីថ្មី និងឯកអគ្គរដ្ឋទូតថ្មី។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំប៉ុន្តែសមិទ្ធផលនិងដំណើរការកសាងជាតិ​នៅតែបន្តទៅមុខឥតឈប់ឈរ ពោលគឺនៅក្នុងផែនការឆ្នាំ​២០២៦-២០២៧ រដ្ឋាភិបាលនឹងបន្តអភិវឌ្ឍខ្សែផ្លូវជា​ច្រើនបន្ថែម​ទៀត។

គម្រោងសាងសង់ឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ នៃស្រុកជើងព្រៃ រហូតដល់​រង្វង់​​មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទី​ម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយពង្រីកពី ២គន្លង ទៅជា ៤គន្លង (២គន្លងទៅ ២គន្លងមក) និងមានសួនពុះទ្រូង​ផ្លូវប្រវែង ១,៥ម៉ែត្រ។ គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់ស្ពាន​ថ្មីចំនួន ៧កន្លែង និងពង្រីកស្ពាន​ចាស់ចំនួន ១កន្លែងផងដែរ។

គម្រោងនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន​ក្វាង​ចូវវ៉ាន​​អាន ដោយប្រើប្រាស់រយៈពេលសាងសង់ ២៧ខែ និងបាន​បញ្ចប់ការដ្ឋានទាំងស្រុងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលលឿនជាងផែនការកំណត់រហូតដល់ ១៥ខែ។ ថវិកាសរុបដែលបាន​ចំណាយមានចំនួនជាង ១១៧លានដុល្លារ​អាម៉េរិក ដែលជាឥណទានសម្បទានពីចិន រួមជាមួយថវិកាបដិភាគ​របស់រាជរដ្ឋា​ភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះ​ពាល់ និងការបោស​សម្អាត​​មីន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដែលតភ្ជាប់ជាមួយ​បណ្តាញផ្លូវសំខាន់ៗ​ជាច្រើនដូចជា៖ ផ្លូវជាតិលេខ៦ (ឆ្ពោះទៅភ្នំពេញ កំពង់ធំ សៀមរាប) ផ្លូវជាតិលេខ៦០ ផ្លូវជាតិលេខ៧០ ផ្លូវជាតិលេខ៧១ និងផ្លូវខេត្តលេខ ២២២, ២២៣ ឆ្ពោះទៅកាន់ស្រុកនានាក្នុងខេត្តកំពង់ចាម និងតភ្ជាប់​ទៅ​កាន់តំបន់ភូមិភាគឦសាន។

ការប្រែក្លាយខ្សែផ្លូវនេះឱ្យទៅជាផ្លូវដ៏រឹងមាំ និងធំទូលាយ នឹង​ជួយសម្រួល​យ៉ាងខ្លាំងដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម នៅខេត្តកំពង់ចាម ក៏ដូចជាបណ្តាខេត្តជាប់ព្រំប្រទល់។ បន្ថែមពីនេះ វាក៏ជួយជំរុញ​វិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ដែលសម្បូរទៅដោយ​ប្រាសាទបុរាណ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។

តាមរយៈសមិទ្ធផលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញ​ក្តីជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ នឹង​កាន់តែរីកចម្រើន និងមានជម្រើសកាន់តែប្រសើរក្នុងការ​ធ្វើដំណើរ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា