រាជរដ្ឋាភិបាលប្តេជ្ញាស្តារតម្លៃប្រាសាទព្រះវិហារ ក្រោយរងការខូចខាតធ្ងន់ធ្ងរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលប្តេជ្ញាស្តារតម្លៃប្រាសាទព្រះវិហារ ក្រោយរងការខូចខាតធ្ងន់ធ្ងរ

រាជរដ្ឋាភិបាលប្តេជ្ញាស្តារតម្លៃប្រាសាទព្រះវិហារ ក្រោយរងការខូចខាតធ្ងន់ធ្ងរ

ក្នុងឱកាសខួប១៨ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងស្តារតម្លៃប្រាសាទព្រះវិហារ ដែលជាមរតកដ៏ថ្លៃថ្លារបស់ជាតិ និងពិភពលោក។

Advertisement

តាមរយៈសារលិខិតអបអរខួប១៨ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើប្រាសាទព្រះវិហារ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ សម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់ខ្មែរបានខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន៥៦២កន្លែងដោយការការវាយប្រហាររបស់យោធាថៃ ដែលជាការបំផ្លាញកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅនេះ។

សម្រាប់សម្តេចធិបតី នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ ចំពោះមុខការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ឬ ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ។

កម្ពុជាបានវាយតម្លៃការខូចខាត និងចាត់វិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការអន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត ជាពិសេសបាន និងកំពុងអនុវត្តសកម្មភាពបោសសម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ព្រមទាំងប្រមូលនិង អភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។

ប្រមុខរាជរដ្ឋាភិបាលក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតរបស់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ចំពោះ វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ។

ជាងនេះទៅទៀត សម្តេចធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពីកត្តាសុវត្ថិភាពយ៉ាងណាក្តី។

ជាចុងក្រោយ សម្តេចធិបតីបានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី ព្រមទាំងប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀតនៅតាមបណ្តោយព្រំដែន ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ហើយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា