រដ្ឋគ្រោងចំណាយជាង ១ ២០០លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋគ្រោងចំណាយជាង ១ ២០០លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក

រដ្ឋគ្រោងចំណាយជាង ១ ២០០លានដុល្លារ ដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក

រាជរដ្ឋាភិបាលកម្ពុជាត្រៀមអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ» ដោយប្រកាន់យក អភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor)។
 
នេះបើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ រវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។​

Advertisement

“កម្មវិធីអន្តរាគមន៍” នេះត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក ដោយហិរញ្ញប្បទានបានមកពីប្រភពចំនួន ៤ គឺថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។

កិច្ចអន្តរាគមនេះធ្វើឡើងដើម្បីរក្សាលំនឹងជីវភាពប្រជាពលរដ្ឋដោយផ្សារភ្ជាប់នឹងការបង្កើតការងារ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ដោយសាសង្គ្រាមនៅមជ្ឈិមបូព៌ា, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ គម្រោងនេះក៏ផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងលើការគ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។
 
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ការត្រៀមកញ្ចប់ថវិកាបង្ហាញពីការត្រៀមទុកជាមុនរបស់រដ្ឋាភិបាល ក្នុងការទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ចកុំឲ្យវិវត្តន៍ទៅរកស្ថានភាពកាន់តែអាក្រក់ និងអាចរក្សាឲ្យមានលំនឹងកំណើននៅក្នុងឆ្នាំនេះ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ការត្រៀមកញ្ចប់អន្តរាគមន៍របស់រដ្ឋាភិបាលនឹងអាចជួយកាត់បន្ថយអតិផរណានៅកម្ពុជា។ លោកយល់ថា ​វិស័យអាទិភាពដែលគួរទទួលបានកញ្ចប់អន្តរាគមន៍នេះ គឺវិស័យទេសចរណ៍ កសិកម្ម និងសហគ្រាសធុនតូច និងមធ្យម(SME) ដោយសារវិស័យទាំងនេះ បានរងផលប៉ះពាល់ជាងគេ អំឡុងពេលមានវិបត្តិ។

ផ្អែកតាមការវាយតម្លៃជាថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយមកនៅត្រឹមរង្វង់ ៣% ប៉ុណ្ណោះ​ក្នុងឆ្នាំ២០២៦ ខណៈដែលក្រសួងសេដ្ឋកិច្ចព្យាករថា ឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានកំណើន ៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសការនាំចេញនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងរំពឹងទុក និងសកម្មភាពចាយវាយក្នុងស្រុកក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា