កម្ពុជា អំពាវនាវឱ្យអន្តរជាតិរួមគ្នាប្រឆាំងអំពើហិង្សាផ្លូវភេទក្នុងតំបន់ជម្លោះ ខណៈនារីខ្មែរដែលត្រូវទាហានថៃ រំលោភបូកនៅបន្តរង់ចាំយុត្តិធម៌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា អំពាវនាវឱ្យអន្តរជាតិរួមគ្នាប្រឆាំងអំពើហិង្សាផ្លូវភេទក្នុងតំបន់ជម្លោះ ខណៈនារីខ្មែរដែលត្រូវទាហានថៃ រំលោភបូកនៅបន្តរង់ចាំយុត្តិធម៌

កម្ពុជា អំពាវនាវឱ្យអន្តរជាតិរួមគ្នាប្រឆាំងអំពើហិង្សាផ្លូវភេទក្នុងតំបន់ជម្លោះ ខណៈនារីខ្មែរដែលត្រូវទាហានថៃ រំលោភបូកនៅបន្តរង់ចាំយុត្តិធម៌

កម្ពុជា បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តរួមគ្នានៅលើឆាកអន្តរជាតិ ដើម្បីលុបបំបាត់អំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះជុំវិញពិភពលោក ស្របពេលកំពុងដុតដៃដុតជើងទាមទារយុត្តិធម៌ក្នុងករណីទាហានថៃរំលោភបូកលើយុវតីខ្មែរម្នាក់ ដែលជាពលករចំណាកស្រុក។

Advertisement

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់នៅថ្ងៃសុក្រនេះថា នៅក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ដោយអំពាវនាវឱ្យមានការប្តេជ្ញាចិត្តរួមគ្នាមួយនៅលើឆាកអន្តរជាតិ ដើម្បីបញ្ចប់អំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ។

ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការគោរព និងការលើកកម្ពស់ច្បាប់អន្តរជាតិចំពោះជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះ» ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះទាំងអស់ មិនថារដ្ឋ ឬជាតួអង្គមិនមែនរដ្ឋនោះឡើយ ដាច់ខាតត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខ។

ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមទៀតថា ជនល្មើសដែលប្រព្រឹត្តអំពើហិង្សាផ្លូវភេទនៅក្នុងអំឡុងពេលមានជម្លោះ ត្រូវតែប្រឈមមុខនឹងការស៊ើបអង្កេត និងការកាត់ទោសតាមនីតិវិធីតុលាការជាដាច់ខាត ដោយធានាឱ្យបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ ជឿទុកចិត្តបាន និងត្រូវគិតគូរខ្ពស់ដល់ជនរងគ្រោះ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានរំលឹកថា វិធីសាស្ត្រដែលផ្តោតលើការគាំពារ និងគិតគូរដល់ផលប្រយោជន៍របស់ជនរងគ្រោះ ត្រូវតែស្ថិតនៅជាស្នូលនៃរាល់ចំណាត់ការ និងយន្តការដោះស្រាយទាំងអស់។

ការអំពាវនាវនេះធ្វើឡើងស្របពេលដែលកម្ពុជាកំពុងបន្តទាមទារយុត្តិធម៌ក្នុងករណីយុវតីខ្មែរម្នាក់ ដែលត្រូវទាហានឈុតខ្មៅថៃ៧នាក់រួមគ្នាចាប់រំលោភ នៅពេលឆ្លងដែនពីថៃចូលមកកម្ពុជាវិញ ក្នុងពេលប្រទេសទាំងពីមានជម្លោះព្រំដែន។

លោក ស៊្រាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះថា ចំពោះករណីដ៏អយុត្តិធម៌នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានខិតខំប្រឹងប្រែងខ្នះខ្នែងយ៉ាងខ្លាំង តាំងពីកើតហេតុដំបូងរហូតមកដល់ពេលនេះ ដោយបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ អង្គការសិទ្ធិមនុស្សប្រចាំប្រទេសថៃ ក៏ដូចជាស្ថាប័នសិទ្ធិមនុស្សប្រចាំតំបន់អាស៊ានផងដែរ។

លោកបានបន្ថែមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងមិនបញ្ឈប់ការតាមដានករណីនេះឡើយ ពោលគឺនៅតែបន្តលើកយកករណីនេះទៅបង្ហាញពិភពលោក ដើម្បីបញ្ជាក់ថា កម្ពុជានៅតែបន្តទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា អំពើរំលោភបូកនេះគឺជាទង្វើដ៏សាហាវឃោរឃៅ អមនុស្សធម៌ ដែលផ្ទុយស្រឡះពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយកម្ពុជាចង់ឃើញភាគីថៃបើកការស៊ើបអង្កេតដោយតម្លាភាព ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាដាច់ខាត៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា