កម្ពុជាបញ្ជាក់ពីឥទ្ធិពលជប៉ុនលើការកសាងសង្គម សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបញ្ជាក់ពីឥទ្ធិពលជប៉ុនលើការកសាងសង្គម សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា

កម្ពុជាបញ្ជាក់ពីឥទ្ធិពលជប៉ុនលើការកសាងសង្គម សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអរគុណចំពោះជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជាកន្លងមក ដូចជាការរួមចំណែកក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ការដោះមីន រួមទាំងការកសាងសង្គម សេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា។
 
សម្ដេចបានលើកឡើងដូច្នេះ ក្នុងឱកាសដែលសម្ដេចអនុញ្ញាតឲ្យលោក អឹអិណុ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
 
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្នប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវឌ្ឍនភាពនៃទំនាក់ទំនងនៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏មានភាពផុសផុល និងរីកចម្រើនជាលំដាប់ផងដែរ ដែលបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរឹងមាំជាលំដាប់។
 
បន្ថែមលើនេះ សម្ដេច ហ៊ុន សែន ក៏បានអរគុណជប៉ុនដែលតែងតែគាំទ្រ និងជួយដល់កម្ពុជា នៅពេលកន្លងមក ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា ផ្លូវ ស្ពាន និងកំពង់ផែជាដើម ដែលជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជួយដល់ប្រទេសកម្ពុជា។
 
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដោយលោកបានចាត់ទុកប្រទេសជប៉ុន គឺជាស្ពានចម្លងផ្នែកនយោបាយការទូតនៅកម្ពុជា។
 
 
ចំណែកលោកបណ្ឌិត ថុង ម៉េង ដាវីត អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានកត់សម្គាល់ពីឥទ្ធិពល និងវត្តមានរបស់ជប៉ុន នៅកម្ពុជា ជាពិសេសក្នុងការកសាងសេដ្ឋកិច្ច សង្គម និងសន្តិភាពនៅកម្ពុជា ក៏ដូចជា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់។
 
បើតាមលោកបណ្ឌិត ថុង ម៉េង ដាវីត ក្រុមហ៊ុនជប៉ុន អាចបង្កើនការបង្វែរ ឬពង្រីកការផលិតមកកាន់កម្ពុជាកាន់តែលឿន ដើម្បីធានាថាលំនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយហានិភ័យនាពេលអនាគត។ ម្យ៉ាងវិញទៀត ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក៏ដូចជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនជប៉ុន គឺជាចំណុចទាក់ទាញដ៏មានឥទ្ធិពលបំផុតក្នុងការទាក់ទាញវិនិយោគិនទាំងនោះ។
 
នៅឆមាសទី១ ឆ្នាំ២០២៦ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានកើនឡើងដល់ជាង ១,៤ពាន់លានដុល្លារ បានកើនឡើងជិត ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅប្រទេសជប៉ុន បានកើនឡើងរហូតដល់ជាង ២០ភាគរយ៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា