ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរ៣នាក់នៅចុងខែនេះ ក្រោយទទួលការលើកលែងទោស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរ៣នាក់នៅចុងខែនេះ ក្រោយទទួលការលើកលែងទោស

ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរ៣នាក់នៅចុងខែនេះ ក្រោយទទួលការលើកលែងទោស

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃអង្គារ៍ទី២៨កក្កដានេះថា ភាគីថៃគ្រោងដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់នៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។
 
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ការដោះលែងនេះ មិនមែនភាគីថៃយល់ព្រមតាមការទាមទារពីភាគីកម្ពុជានោះទេ គឺក្រោយអ្នកសាទខ្មែរទាំង ៣នាក់ទទួលបានការលើកលែងទោស។
 
ឯកឧត្តមបន្តដូច្នេះថា ៖ ដោះលែងនឹងដោយសារកន្លងមកមានចូលឆ្នាំ មានចូលឆ្នាំខ្មែរចូលឆ្នាំថៃអីនឹង ចឹងជាទូទៅតាមនីតិវិធីរបស់គេរាល់ពេលដែលចូលឆ្នាំ ឬក៏ចម្រើនព្រះជនស្ដេចគេនឹង​គេតែងតែសុំការលើកលែងទោស​អ្នកទោសទូទៅ ដូច្នេះ៣នាក់ខ្មែរយើងនឹងក៏នៅក្នុងបញ្ជីដែលគេលើកលែងទោស​ បានន័យថាគេកាត់ចំនួនទោសដែលត្រូវបានលើកលែងនឹង ចឹងគាត់ត្រូវរួចត្រឹមថ្ងៃតី៣០ ខែ៧នេះ។
 
តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទចំនួន ២នាក់ឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ឬស្មើប្រមាណ ១០លានរៀល និងអ្នកបើកទូកនេសាទម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬស្មើប្រមាណ ១៤លានរៀល។ ពលរដ្ឋខ្មែរទាំងនេះត្រូវចោទប្រកាន់ពីបទ​ «ចូលដែនទឹកថៃ និងនេសាទខុសច្បាប់»។
 
ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ថា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដែលចុះសួរសុខទុក្ខពលរដ្ឋខ្មែរអ្នកនេសាទទាំង៣នាក់ បានផ្ដល់ព័ត៌មានមកថា ភាគីថៃនឹងដោះលែងពួកគេតាមច្រកព្រំដែនគោកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។
 
សូមបញ្ជាក់ថា កម្មករនេសាទចំនួន ៣នាក់ត្រូវទាហានជើងទឹកថៃ ចាប់នៅក្បែរកោះយ៉រ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅថ្ងៃដដែលនេះ ក្រសួងការបរទេសក៏បានចេញលិខិតតវ៉ាមួយ ដោយបញ្ជាក់ថា កងទ័ពជើងទឹកថៃបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជាដើម្បីចាប់អ្នកនេសាទទាំងនោះ។ កម្ពុជាអំពាវនាវឲ្យភាគីថៃបញ្ឈប់សកម្មភាពវាតទីចូលដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាត និងបានទាមទារឲ្យកងទ័ពជើងទឹកថៃដោះលែងអ្នកនេសាទខ្មែរត្រឡប់មកវិញនៅពេលនោះផងដែរ៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា