អាជ្ញាធរអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន ក្រោយនាវាចម្លងប៉ះទង្គិចជាមួយនាវាដឹកខ្សាច់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន ក្រោយនាវាចម្លងប៉ះទង្គិចជាមួយនាវាដឹកខ្សាច់

អាជ្ញាធរអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន ក្រោយនាវាចម្លងប៉ះទង្គិចជាមួយនាវាដឹកខ្សាច់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអំពាវនាវដល់ម្ចាស់ និងអ្នកបើកបរនាវាទាំងអស់ ឱ្យបង្កើន​ការ​ប្រុងប្រយ័ត្ន និងរឹតបន្តឹងវិធានការសុវត្ថិភាព ក្រោយពេលមានករណីនាវាចម្លងមួយគ្រឿងបានប៉ះទង្គិចជាមួយនាវាដឹកខ្សាច់ កាលពីពេលថ្មីៗនេះ។
 
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង​ជាសាធារណៈដល់ម្ចាស់នាវា ប្រតិបត្តិករ អ្នកបើកបរនាវា និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ឱ្យបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់ និងចូលរួមអនុវត្តវិធានការសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានានូវសុវត្ថិភាព និរន្តរភាពនៃការធ្វើនាវាចរណ៍ ជាពិសេស​ការពារ​ទ្រព្យសម្បត្តិ ក៏ដូចជាអាយុជីវិតរបស់អ្នកធ្វើដំណើរ។
 
ការអំពាវនាវនេះបានធ្វើឡើង៣ថ្ងៃ បន្ទាប់ពីមានករណីគ្រោះថ្នាក់នាវាចរណ៍មួយបានកើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ដោយនាវាចម្លងមួយគ្រឿងបានជួបបញ្ហាបច្ចេកទេស ហើយបានទៅប៉ះទង្គិចជាមួយនាវាដឹកខ្សាច់មួយគ្រឿងទៀត នៅត្រង់​ចំណុច​ឆ្លងកាត់កំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ ប៉ុន្តែក្នុងហេតុការណ៍នេះ​ពុំ​បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស
ទេ។
 
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់កុំឱ្យកើតមានបន្តទៀត អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដាក់ចេញ​នូវវិធានការសំខាន់ៗមួយចំនួន ដូចជា រាល់ការធ្វើនាវាចរណ៍ក្នុងដែនដីកម្ពុជា ត្រូវគោរពតាមបទប្បញ្ញត្តិនាវាចរណ៍ ដូចមានចែង​ក្នុងជំពូកទី៦ នៃច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលបានប្រកាសឱ្យប្រើប្រាស់កាលពីខែមីនា ឆ្នាំ២០២៤ និងត្រូវបង្កើនការ​ប្រុងប្រយ័ត្ននៅពេលឆ្លងកាត់តំបន់កំពង់ចម្លង ឬតំបន់ដែលមាននាវាចម្លងឆ្លងកាត់ ដើម្បីទុកពេល និងចម្ងាយល្មមគ្រប់គ្រាន់​សម្រាប់សុវត្ថិភាព។
 
ទន្ទឹមគ្នានេះ អ្នកបើកបរត្រូវបើកបរក្នុងល្បឿនសុវត្ថិភាព និងរក្សាចម្ងាយជានិច្ច ដើម្បីបញ្ចៀសការប៉ះទង្គិច និងអាចបញ្ឈប់​ចលនានាវាបានទាន់ពេលវេលាទៅតាមស្ថានភាពជាក់ស្តែង ទាំងការបើកបរតាមបណ្តោយប្រឡាយ ការប្តូរទិសដៅ ល្បឿន ឬ​ការបើកបរឆ្លងកាត់ទទឹងផ្លូវទឹក។ លើសពីនេះ ត្រូវត្រួតពិនិត្យស្ថានភាពបច្ចេកទេសនាវាឱ្យបានទៀងទាត់ រួមមានប្រព័ន្ធម៉ាស៊ីន ប្រព័ន្ធភ្លើង និងប្រព័ន្ធទំនាក់ទំនង ព្រមទាំងបំពាក់ឧបករណ៍សុវត្ថិភាពនៅលើនាវាឱ្យបានគ្រប់គ្រាន់ និងសមស្របទៅនឹង​ចំនួនអ្នកដំណើរ។
 
បន្ថែមពីនេះទៀត ម្ចាស់អាជីវកម្ម ត្រូវធានាថានាវារបស់ខ្លួន បានចុះបញ្ជីត្រឹមត្រូវ ហើយនាវិកទាំងអស់មានវិញ្ញាបនបត្រ​សមត្ថភាព​ជំនាញ​ដែលចេញដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ស្របតាមមុខងារ និងកម្រិត​សមត្ថភាព​កំណត់។
 
យោងតាមសេចក្តីណែនាំ បានរំលឹកថា ក្នុងករណីមានឧបទ្ទវហេតុគ្រោះថ្នាក់កើតឡើង ត្រូវរាយការណ៍ និងជូនដំណឹងជាបន្ទាន់​ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជិតបំផុត និងមកកាន់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដើម្បីឱ្យមន្ត្រីជំនាញ​ចុះធ្វើការស៊ើបអង្កេត និងរៀបចំរបាយការណ៍កែលម្អផ្នែកបច្ចេកទេសឱ្យបានទាន់ពេលវេលា៕
ដោយ៖ទួន សុផល

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា