ក្រុមហ៊ុនជប៉ុន Minebea បញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុនទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនជប៉ុន Minebea បញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុនទេ

ក្រុមហ៊ុនជប៉ុន Minebea បញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុនទេ

លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន Minebea Mitsumi Co., Ltd បានបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានប៉ះពាល់ខ្លះដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ប៉ុន្តែវាមិនបានប៉ះពាល់ដល់ដំណើររបស់ក្រុមហ៊ុន Minebea នៅកម្ពុជានោះទេ ពោលគឺក្រុមហ៊ុននៅតែដំណើរការដោយរលូនជាធម្មតា ដែលបង្ហាញពីភាពធន់មួយរបស់​កម្ពុជាក្នុងការថែរក្សាអ្នកវិនិយោគ។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលលោកអគ្គនាយកក្រុមហ៊ុនយក្សជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។
 
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោកអគ្គនាយកក្រុមហ៊ុន Minebea បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុន Minebea បានបើករោងចក្រ​ពីរកន្លែងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់។​ នៅខេត្តពោធិ៍សាត់ ក្រុមហ៊ុនក៏កំពុងតែបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផងដែរ។ ប្រធានក្រុមហ៊ុនរូបនេះបានបន្ថែមថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត គ្មានការបារម្ភអ្វីនោះឡើយ។
 
នៅក្នុងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាព​រីករាយចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ដែលបង្ហាញពីភាពធុនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទោះបីជាមានឧបសគ្គខ្លះ ក៏ប៉ុន្តែមិនបានឲ្យក្រុមហ៊ុនជួបនូវផលប៉ះពាល់ឡើយ។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានបញ្ជាក់ទៅកាន់អ្នកវិនិយោគជប៉ុនថា សូមបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើឲ្យបរិយាកាសវិនិយោគកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
 
ក្រៅពីជំនួបជាមួយសម្ដេចតេជោ អគ្គនាយកក្រុមហ៊ុន Minebea ក៏បានចូលជួបសម្តែងការគួរសម្យជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ សម្តេចនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុននេះពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែង​រកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា។
 
Minebea គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងលើពិភព​លោក ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក។ ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការផលិតនៅកម្ពុជាក្នុងឆ្នាំ ២០១១ ក្នុងទុនវិនិយោគដំបូង ៣២លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានដំឡើងការវិនិយោគដល់ជាង ៦០០លានដុល្លារ។ Minebea Mitsumi មានរោងចក្រផលិតនៅភ្នំពេញ និងកំពុងពង្រីកការ​វិនិយោគនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយសាងសង់រោងចក្រថ្មី ដែលនឹង​បង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា​ជិត ១ម៉ឺននាក់៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា