ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ភ្នំពេញ៖ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. បង្ហាញជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា និងបានបង្ហើបពីផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុននៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទទួលបានសមិទ្ធផលជាទីមោទនៈ ។

Advertisement

ក្នុងឱកាសដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព
លោក អ៊ីយូសុីហ៊ីសា កៃនូម៉ា(Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័ន ពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការ អាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ ។
លោកអគ្គនាយកប្រតិបត្តិ ក៏បានជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគ បន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ លោកអគ្គនាយកបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុន នឹងប្រារព្ធ ពិធីអបអរសាទរខួបទី១៥ ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូ ខាងមុខ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូស បញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជា ផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។

ទន្ទឹមនឹងនេះ សម្តេចធិបតីបានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច និង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យ សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្ត តាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល និងយុទ្ធសាស្រ្តរបស់កម្ពុជា ។

សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាព វិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា ។

សូមជម្រាបថា Minebea Mitsumi Inc. គឺជាក្រុមហ៊ុនឈានមុខ មួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈាន មុខលើពិភព លោក ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានភាពជាក់លាក់ខ្ពស់ (Precision Components) ។

ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១ ក្នុងតម្លៃវិនិយោគ ប្រមាណ ៣២លានដុល្លារ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ បាន តម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើង ដល់ជាង ៦០០លានដុល្លារ ។ បច្ចុប្បន្ន Minebea Mitsumi មានរោងចក្រផលិត នៅរាជធានី ភ្នំពេញ និងកំពុងពង្រីកការ វិនិយោគ ដោយសាងសង់រោងចក្រថ្មី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការ អភិវឌ្ឍ វិស័យ ឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅ កម្ពុជា ៕
ដោយ៖ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា