រដ្ឋាភិបាលព្យួរការបង់ពិន័យយឺតយ៉ាវលើពន្ធប្រថាប់ត្រាអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលព្យួរការបង់ពិន័យយឺតយ៉ាវលើពន្ធប្រថាប់ត្រាអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៧

រដ្ឋាភិបាលព្យួរការបង់ពិន័យយឺតយ៉ាវលើពន្ធប្រថាប់ត្រាអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៧

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការអនុគ្រោះ ដោយព្យួរការអនុវត្តពន្ធបន្ថែម និងការផាកពិន័យចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៧ ដើម្បីចូលរួមសម្រួលបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងពន្លឿនការដោះស្រាយបញ្ហាជាប់គាំងនៃការចេញបណ្ណកម្មសិទ្ធិអចលនទ្រព្យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដំណឹងនេះកាលពីព្រឹកថ្ងៃពុធ ទី២៩កក្កដា ក្នុងពេលចុះចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ នៅខេត្តកណ្តាល។
 
កន្លងមក ឯកសារផ្ទេរកម្មសិទ្ធិអចលនទ្រព្យមួយចំនួន ដែលមានដីការអមហួសរយៈពេល ៣ខែ គិតចាប់ពីកាលបរិច្ឆេទចេញពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត តម្រូវឱ្យម្ចាស់កម្មសិទ្ធិត្រូវទទួលរងការផាកពិន័យ និងបង់ពន្ធបន្ថែមចំពោះការយឺតយ៉ាវរហូតដល់ ១០០ភាគរយ នៃប្រាក់ពន្ធត្រូវបង់សរុប។
 
កត្តានេះបានធ្វើឱ្យម្ចាស់អចលនទ្រព្យមួយចំនួនជួបការលំបាក និងគ្មានលទ្ធភាពបង់ប្រាក់ ខណៈមួយចំនួនទៀតត្រូវស្នើសុំបញ្ជាក់ដីការអមសារជាថ្មី ដែលបង្កឱ្យមានការកកស្ទះ និងយឺតយ៉ាវដល់ដំណើរការការងារចេញប្លង់កម្មសិទ្ធិយ៉ាងខ្លាំង។
 
ឆ្លើយតបនឹងបញ្ហាចំពោះមុខនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចចេញវិធានការអនុគ្រោះ ដោយព្យួរការផាកពិន័យ ១០០ភាគរយនេះ ក្នុងគោលបំណងលើកទឹកចិត្ត និងសម្រួលដល់កម្មសិទ្ធិករដីធ្លីមានលទ្ធភាពចូលមកបំពេញកាតព្វកិច្ចផ្លូវច្បាប់ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ដោយរលូន រហូតដល់ដាច់ឆ្នាំ២០២៧។
 
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា អចលនវត្ថុដែលទិញលក់ច្រើនដំណរ ចាប់ពីក្រោយឆ្នាំ២០១៧ ដល់ចុងខែកក្កដា ឆ្នាំ២០២៦ មិនតម្រូវឱ្យបង់ពន្ធប្រថាប់ត្រាច្រើនដងឡើយ។ ការបង់ពន្ធគឺតម្រូវតែលើប្រតិបត្តិការទិញលក់ចុងក្រោយបង្អស់មួយប៉ុណ្ណោះ។
 
ក្រៅពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី គឺជាមូលដ្ឋានគ្រឹះនៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាជម្រក ជាអាជីវកម្ម ជាការវិនិយោគ និងជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ពីភាពចាំបាច់បំផុតនៃការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីធានាបរិយាកាសមិនមានវិវាទនៅកម្ពុជា សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តជូនប្រជាពលរដ្ឋ៕

Advertisement

ទួន សុផល + វណ្ណលុក

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា