ខេត្តកែប នេសាទក្តាមសេះបានជិត ៤០០តោន រយៈពេល ៦ខែដើមឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តកែប នេសាទក្តាមសេះបានជិត ៤០០តោន រយៈពេល ៦ខែដើមឆ្នាំនេះ

ខេត្តកែប នេសាទក្តាមសេះបានជិត ៤០០តោន រយៈពេល ៦ខែដើមឆ្នាំនេះ

ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ខេត្តកែបប្រមូលផលក្តាមសេះបានជិត ៤០០តោនដើម្បីផ្គង់ទីផ្សារ។ ការចុះបញ្ជីសម្គាល់ភូមិសាស្រ្តទំនិញ ដែលគ្រោងធ្វើនាពេលខាងមុខ នឹងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្តាមសេះ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋ។ ​

ក្នុងឆមាសទី១នេះ ខេត្តកែបប្រមូលផលក្តាមសេះបានចំនួន ៣៩៥តោន។ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្តកែប បានប្រាប់បណ្តាញព័ត៌មាន AMS ថា ជាមធ្យម ខេត្តជាប់សមុទ្រមួយនេះអាចប្រមូលផលក្តាមសេះបានពី ៦០០ ទៅ ៧០០តោន ក្នុងមួយឆ្នាំ។

លោកប្រធានមន្ទីរបន្ថែមថា ការនេសាទក្តាមសេះនៅខេត្តកែប ភាគច្រើនធ្វើឡើងតាមរយៈការប្រើប្រាស់ លប និង មង។ ចំពោះតម្លៃនៅលើទីផ្សារ ក្តាមសេះលេខ១ មានតម្លៃចាប់ពី ៥៥,០០០ ទៅ ៨០,០០០ រៀល/គីឡូក្រាម ពោលគឺប្រែប្រួលតាមគុណភាព និងតម្រូវការទីផ្សារ ខណៈលេខ២ មានតម្លៃចាប់ពី ៣០,០០០ រៀល/គីឡូក្រាម ឡើងទៅ។

រដ្ឋបាលខេត្តកែប បានសហការជាមួយក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាផ្លូវការ សំដៅលើកកម្ពស់តម្លៃទីផ្សារ និងទាក់ទាញភ្ញៀវទេសចរ។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្តកែប យល់ឃើញថា គម្រោងចុះបញ្ជីម៉ាកសញ្ញា «ក្តាមសេះខេត្តកែប» នឹងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក ជួយឱ្យប្រជាពលរដ្ឋ និងអាជីវករទទួលបានតម្លៃល្អ និងស្ថិតស្ថេរ។ លើសពីនេះ វាក៏ជាការផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី និងសហគមន៍នេសាទក្នុងការងារអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់កិត្យានុភាពភូមិសាស្ត្រផលិតកម្មរបស់ខេត្តផងដែរ។ ទោះយ៉ាងណា គម្រោងនៃការចុះបញ្ជីនេះ មិនទាន់កំណត់ពេលច្បាស់នៅឡើយ។

Advertisement

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងកាលពីថ្ងៃចន្ទ ដើមសប្តាហ៍ថា ការបង្កើតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ពិតជាបានផ្តល់ផលវិជ្ជមានយ៉ាងច្រើនដល់សេដ្ឋកិច្ច។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវជោគជ័យយូរអង្វែង ចាំបាច់ត្រូវមានការគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានម៉ត់ចត់បំផុត លើគុណភាព និងស្តង់ដារផលិតផល ឱ្យស្របតាមសៀវភៅបន្ទុក និងលក្ខន្តិកៈដែលបានកំណត់៕ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា