កម្ពុជាដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ដើម្បីសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ដើម្បីសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ

កម្ពុជាដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ដើម្បីសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ

កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលយុទ្ធសាស្ត្រនេះមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ រស់រវើក និងប្រកបដោយបរិយាបន្នដែលអាចពូនជ្រំសហគ្រិននវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ។
 
យុទ្ធសាស្រ្តជាតិថ្មីនេះ ឈរលើគោលការណ៍សំខាន់ធំៗចំនួន ៣ ក្នុងនោះមាន តួនាទីរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍ, ការអភិវឌ្ឍធុរកិច្ចថ្មីដោយផ្ដោតលើប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍធុរកិច្ចថ្មីដោយសហវិវត្តន៍។
 
ធុរកិច្ចថ្មី ត្រូវបានចាត់ទុកជាធាតុមួយដ៏សំខាន់សម្រាប់នវានុវត្តន៍ និងសហគ្រិនភាព ដែលប្រទេសជាច្រើន ក្នុងតំបន់ និងសកលលោក បាននិងកំពុងយកចិត្តទុកដាក់។ ធុរកិច្ចថ្មី គឺមានចរិតលក្ខណៈខុសពីសហគ្រាសធុនមីក្រូ, តូច, មធ្យម និងធំ ដោយសារធុរកិច្ចថ្មីប្រើប្រាស់នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និងសម្បូរបែប សម្រាប់ការបង្កើតគំរូអាជីវកម្មក្នុងទីផ្សារថ្មី ជាជាងទីផ្សារដែលមានស្រាប់។
 
នៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គ្រប់តួអង្គនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ត្រូវបន្តកិច្ចសហការជិតស្និទ្ធ និងចូលរួមយ៉ាងសកម្ម ជាមួយក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ដើម្បីបង្កើតសហថាមពល និងបរិស្ថានអំណោយផលដល់ការអភិវឌ្ឍធុរកិច្ចថ្មី ឱ្យក្លាយជាក្រុមហ៊ុនធុរកិច្ចថ្មីដែលមានភាពប្រកួតប្រជែងខ្ពស់។
 
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចថា ធុរកិច្ចថ្មីមានសក្ដានុពល និងកាលានុវត្តភាព ក្នុងការពង្រីកអាជីវកម្មយ៉ាងរហ័ស ដើម្បីក្លាយទៅជាក្រុមហ៊ុនធុរកិច្ចថ្មី ដែលជោគជ័យនាពេលអនាគត ស្របពេលដែលធុរកិច្ចថ្មីនៅកម្ពុជាកំពុងវិវត្តខ្លួនទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ឆ្នាំ២០៥០៕

Advertisement

ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា