ACU កំពុងពិនិត្យលើករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល មុននឹងចាត់វិធានការបន្ទាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ACU កំពុងពិនិត្យលើករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល មុននឹងចាត់វិធានការបន្ទាប់

ACU កំពុងពិនិត្យលើករណីបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀល មុននឹងចាត់វិធានការបន្ទាប់

អង្គភាពប្រឆាំងពុករលួយ(ACU) កំពុងត្រួតពិនិត្យលើករណីបង្គោលភ្លើងសូឡា ១ដើមមានតម្លៃថ្លៃហួសហេតុរហូតដល់ ៨លានរៀល មុននឹងធ្វើការវាយតម្លៃពីនីតិវិធីបន្ទាប់ថានឹងចាត់វិធានការបែបណាចំពោះករណីនេះ ខណៈសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យមានការពិនិត្យល្អិតល្អន់លើបញ្ហានេះ។
 

Advertisement


លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងពុករលួយ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះថា ជាទូទៅចំពោះករណីខាងលើ ឬព័ត៌មានចំហរបែបនេះ ក្រុមការងាររបស់អង្គភាពប្រឆាំងពុករលួយនឹងស្រង់យកទៅពិនិត្យបន្ថែម មុននឹងធ្វើការវាយតម្លៃពីនីតិវិធីបន្ទាប់ថា នឹងចាត់វិធានការបែបណាចំពោះករណីនីមួយៗ។
 
ការត្រួតពិនិត្យរបស់អង្គភាព ACU ធ្វើឡើងបន្ទាប់ពីមានប្រតិកម្ម និងការរិះគន់យ៉ាងខ្លាំងៗពីសាធារណជនលើបណ្ដាញសង្គម។ ករណីនេះបានកើតមានឡើងនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
 
លោក សយ ច័ន្ទវិចិត្រ មានលើកឡើងថា ការគិតពីផលប្រយោជន៌ផ្ទាល់ខ្លួន កត្តាលោភលន់ និងទម្លាប់មិនគោរពច្បាប់ បានធ្វើឲ្យបុគ្គលមួយចំនួនហ៊ានប្រព្រឹត្តអំពើខុសច្បាប់ រួមទាំងហ៊ានប្រពឹត្តអំពើពុករលួយផងដែរ។
 
លោក មាស នី អ្នកឃ្លាំមើលសង្គម បានកត់សម្គាល់ឃើញថា ភាពមិនប្រក្រតីនៅថ្នាក់ក្រោមជាតិតែងកើតមានឡើងជារឿយៗ ដែលអាចធ្វើឲ្យបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ។ បើតាមលោក មាស នី ភាពមិនប្រក្រតី ឬអំពើពុករលួយដែលកើតមាននៅតាមមូលដ្ឋានភាគច្រើនកើតឡើងដោយសារការមិនអនុវត្តប្រព័ន្ធត្រួតពិនិត្យគណនេយ្យភាពសង្គមឲ្យបានត្រឹមត្រូវ។
 
ចំពោះតម្លៃបង្គោលភ្លើងសូឡានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏យល់ថាមិនសមហេតុផលដែរ ហើយបានបញ្ជាឱ្យមន្ត្រីជំនាញចុះស៊ើបអង្កេត និងសាកសួរមន្ត្រីមូលដ្ឋាន។ 
​សូមបញ្ជាក់ថា ឃុំ សង្កាត់នីមួយៗមានកញ្ចប់ថវិកាមួយ ដែលរាជរដ្ឋាភិបាលផ្ទេរទៅឲ្យ សម្រាប់ប្រើប្រាស់លើគម្រោងអភិវឌ្ឍន៍មូលដ្ឋាន។ កន្លងមក មានភាពមិនប្រក្រតីខ្លះៗទាក់ទងនឹងការដេញថ្លៃគម្រោង និងការចាត់ចែងមូលនិធិឃុំ សង្កាត់នេះ៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា