ការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី១៤ សីហា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី១៤ សីហា

ការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី១៤ សីហា

ប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នឹងត្រូវជ្រើសរើសផ្លូវការនៅថ្ងៃទី១៤ ខែសីហាខាងមុខ មុនពេលឈានទៅបើកកិច្ចប្រជុំលើកដំបូងនៅក្នុងខែកញ្ញា។ នេះបើការបញ្ជាក់របស់លោក ស៊ីហាស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។
 
លោកបានប្រាប់សារព័ត៌មានថៃថា មានបញ្ជីឈ្មោះអ្នកជំនាញប្រមាណ ១០រូប មកពីអឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ដែលត្រូវជ្រើសរើស ហើយកិច្ចប្រជុំលើកដំបូង អាចនឹងធ្វើឡើងនៅទីក្រុងឡាអេ ប្រទេសហូឡង់, ទីក្រុងប៉ារីស ប្រទេសបារាំង, ប្រទេសសិង្ហបុរី ឬប្រទេសវៀតណាម ដើម្បីកំណត់ក្របខ័ណ្ឌរួម និងវិធាននៃនីតិវិធី។
 
ដោយឡែក ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា មកទល់ពេលនេះនីតិវិធីនៃការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សារបានដំណើរការទៅមុខធម្មតា និងតាមពេលវេលាកំណត់។ ​
 
ឯកឧត្តមពន្យល់ថា ក្នុងករណីដែលភាគីទាំងពីរ កម្ពុជា ថៃ មិនអាចព្រមព្រៀងគ្នាជ្រើសរើសប្រធានគណៈកម្មការទីប្រាំនេះបានទេ អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីធ្វើការតែងតាំងប្រធានរូបនេះជំនួសវិញភ្លាមៗ ដើម្បីកុំឱ្យដំណើរការក្តីត្រូវជាប់គាំង។
 
សូមរំលឹកថា ដំណើរការនេះបានចាប់ផ្តើមបន្ទាប់ពីកម្ពុជាបានជូនដំណឹងជាផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីខែមិថុនា អំពីការចាប់ផ្តើមនីតិវិធីផ្សះផ្សារដោយបង្ខំ ក្រោមឧបសម្ព័ន្ធនៃ UNCLOS លើតំបន់ទាមទារសមុទ្រត្រួតស៊ីគ្នា បន្ទាប់ពីថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៥ ខែមេសា។
 
កម្ពុជាចាត់ទុកថា ការលុបចោល MoU ឆ្នាំ២០០១ ធ្វើឱ្យបាត់បង់យន្តការចរចាទ្វេភាគី ដែលមានស្រាប់ ទើបកម្ពុជាត្រូវប្រកាសប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
 
យោងតាមក្រសួងការបរទេស កម្ពុជាបានតែងតាំងអ្នកផ្សះផ្សា២រូប គឺលោក Jean Marc Thouvenin ជាមេធាវីជនជាតិបារាំង ជំនាញលើច្បាប់អន្តរជាតិ និងជាអគ្គលេខាធិការនៃវិទ្យាស្ថានច្បាប់អន្តរជាតិទីក្រុងឡាអេ និងលោក Peter Taksøe Jensen អ្នកការទូតដាណឺម៉ាក ដែលធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្របសម្រួលជម្លោះដែនសមុទ្ររវាងប្រទេសអូស្ត្រាលី និងទីម័រខាងកើត។
 
ដោយឡែក ភាគីថៃបានជ្រើសរើសអ្នកជំនាញច្បាប់សមុទ្រលំដាប់អន្តរជាតិចំនួន ២រូប គឺចៅក្រម អាល់ប៊ើត ជេ ហុហ្វម៉ាន់ (Albert J. Hoffmann) ជនជាតិអាហ្វ្រិកខាងត្បូង និងចៅក្រម រូឌីហ្គ័រ វ៉ូលហ្វ្រុម (Rudiger Wolfrum) ជនជាតិអាល្លឺម៉ង់៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា