កម្ពុជាបន្តស្រាវជ្រាវរឿងគ្រឿងញៀនជាង១តោនច្រកក្នុងបាវអង្ករខ្មែរ រឹបអូសដោយឥណ្ឌូណេស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តស្រាវជ្រាវរឿងគ្រឿងញៀនជាង១តោនច្រកក្នុងបាវអង្ករខ្មែរ រឹបអូសដោយឥណ្ឌូណេស៊ី

កម្ពុជាបន្តស្រាវជ្រាវរឿងគ្រឿងញៀនជាង១តោនច្រកក្នុងបាវអង្ករខ្មែរ រឹបអូសដោយឥណ្ឌូណេស៊ី

មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា បានអះអាងថា គ្រឿងញៀនប្រភេទកេតាមីន ជាង១,៣តោន ដែលបន្លំច្រកក្នុងបាវអង្ករខ្មែរ ហើយត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូណេស៊ីរឹបអូសបានកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ មិនមែននាំចេញពីកម្ពុជានោះទេ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា បើតាមការស្រាវជ្រាវ គ្រឿងញៀនទាំងនោះ គឺនាំចេញពីតំបន់ត្រីកោណមាស ទៅប្រទេសថៃ តាមច្រកសមុទ្រ មុនទៅដល់ប្រទេសឥណ្ឌូណេស៊ី។

ឯកឧត្តមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា បាវអង្ករដែលដាក់គ្រឿងញៀនមានអក្សរខ្មែរនោះ គឺពួកឧក្រិដ្ឋជនអាចទិញពីព្រំដែនកម្ពុជា-ថៃ ឬត្រូវបានបោះពុម្ពនៅក្នុងប្រទេសថៃ ហើយយកទៅដាក់គ្រឿងញៀននោះ ដើម្បីទម្លាក់កំហុស ឬសំអុយឈ្មោះប្រទេសកម្ពុជាតែប៉ុណ្ណោះ។

តែយ៉ាងណាឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ករណីនេះ អាជ្ញាធរកម្ពុជាកំពុងតែស្រាវជ្រាវបន្តទៀត។

សារព័ត៌មាន Straits Times បានចុះផ្សាយថា សារធាតុញៀនទាំងនេះត្រូវបានច្រកក្នុងបាវចំនួន ៦៥ ដែលដឹកតាមនាវាមួយចេញពីប្រទេសថៃ តាំងតែពីខែកុម្ភៈមកម្ល៉េះ។ អង្គភាពប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី បានតាមដានអស់រយៈពេលជាច្រើនខែ នៅទីបំផុត នាវាក៏ត្រូវបានស្ទាក់ចាប់ កាលពីថ្ងៃទី៦ ខែសីហា ក្នុងដែនទឹកឥណ្ឌូណេស៊ី។

ក្នុងប្រតិបត្តិការនេះ កងកម្លាំងឥណ្ឌូណេស៊ីក៏ចាប់ខ្លួននាវិក ៨នាក់ផងដែរ ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា ៧នាក់ និងតៃវ៉ាន់ម្នាក់។ គ្រឿងញៀនទាំងនេះត្រូវបានសមត្ថកិច្ចអះអាងថា អាចមានតម្លៃជាង១១៦លានដុល្លារអាមេរិក។

សារធាតុកេតាមីន (Ketamine) ជាថ្នាំស្ពឹកដែលមានប្រសិទ្ធភាពលឿន ប៉ុន្តែវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាគ្រឿងញៀនខុសច្បាប់។

កាលពីខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរឥណ្ឌូនេស៊ីក៏បានរឹបអូសដើមកញ្ឆាចំនួនជាង៣តោនដែលរត់ពន្ធពីប្រទេសថៃ និងចាប់ខ្លួនជនសង្ស័យចំនួន១២នាក់ផងដែរ។

ប្រទេសឥណ្ឌូណេស៊ីមានទោសប្រហារជីវិតសម្រាប់អ្នកជួញដូរគ្រឿងញៀន ប៉ុន្តែប្រទេសនេះបានរក្សាការផ្អាកការប្រហារជីវិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា