ឧស្សាហកម្មកាត់ដេររបស់កម្ពុជាត្រូវការបច្ចេកវិទ្យា AI និងមនុស្សយន្ត ដើម្បីរក្សាភាពប្រកួតប្រជែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧស្សាហកម្មកាត់ដេររបស់កម្ពុជាត្រូវការបច្ចេកវិទ្យា AI និងមនុស្សយន្ត ដើម្បីរក្សាភាពប្រកួតប្រជែង

ឧស្សាហកម្មកាត់ដេររបស់កម្ពុជាត្រូវការបច្ចេកវិទ្យា AI និងមនុស្សយន្ត ដើម្បីរក្សាភាពប្រកួតប្រជែង

ឧស្សាហកម្មកាត់ដេររបស់កម្ពុជាចាំបាច់ត្រូវធ្វើទំនើបកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដើម្បីឈានហួសពីការផលិតដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារសាកលដែលជំរុញដោយបច្ចេកវិទ្យា។
 
នៅក្នុងពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរអន្តរជាតិកម្ពុជានាពេលថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញពីវឌ្ឍនភាពនៃឧស្សាហកម្មនេះ ដែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងក្នុងការផលិត ព្រោះតែម៉ាកយីហោល្បីៗទូទាំងពិភពលោកទាមទារឱ្យមានគុណភាពខ្ពស់ជាងមុន ប៉ុន្តែ រយៈពេលផលិតខ្លីជាងមុន តម្លាភាពកាន់តែខ្លាំងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងស្តង់ដារផលិតកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។
 
ស្ថិតក្នុងស្ថានភាពនេះ កម្ពុជាត្រូវតែទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព កាត់បន្ថយការចំណាយ លើកកម្ពស់គុណភាពផលិតផល និងពង្រឹងសមត្ថភាពប្រកួតប្រជែង​។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី ដោយឯកឧត្តមបន្តថា បច្ចេកវិទ្យា AI, ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងខ្សែសង្វាក់ផលិតកម្ម, បច្ចេកវិទ្យាគ្រឿងយន្ត, បច្ចេកវិទ្យាឌីជីថល និងការផលិតបែបឆ្លាតវៃ កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការកំណត់ពីសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសនានា។
 
សម្រាប់ប្រទេសកម្ពុជា ការផ្លាស់ប្តូរនេះមិនមែនមានន័យថា ជាការជំនួសកម្មករដោយម៉ាស៊ីននោះទេ ប៉ុន្តែ ជាការលើកកម្ពស់ខ្សែសង្វាក់តម្លៃ ពោលគឺពីការដំឡើងផលិតផលដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម ទៅជាការផលិតដែលមានតម្លៃខ្ពស់ជាងមុន ការអភិវឌ្ឍផលិតផល និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យម៉ូដសម្លៀកបំពាក់សកល។
 
វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កម្ពុជា ដែលកំពុងតែផ្តល់ការងារដោយផ្ទាល់ដល់កម្មករនិយោជិតប្រមាណ ១,២លាននាក់ ទោះស្ថិតនៅក្នុងវិបត្តិសាកល។ វិស័យនេះ នៅតែជាប្រភពចំណូលដ៏ធំបំផុតដែលរួមចំណែកប្រមាណ ៥០ភាគរយនៃតម្លៃនាំចេញសរុប និងបន្តបង្ហាញកំណើនដ៏រឹងមាំប្រកបដោយចីរភាព។
 
គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ កម្ពុជា មានរោងចក្រដែលបានចុះបញ្ជី និងកំពុងដំណើរការចំនួន ៣ ៣៥៧ រោងចក្រ ដោយផ្តល់ការងារជាង ១,៣៥ លានកន្លែង។ ក្នុងនោះ ស្ត្រីមានជាង ៧០ភាគរយ។ ចំណែក ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មធុនធ្ងន់មានប្រមាណ ២៨,០៨ ពាន់​លានដុល្លារអាមេរិក កើនឡើងជាង ២៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
 
ដោយឡែក ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ តម្លៃផលិតកម្មឧស្សាហកម្មមានជាង ៩,៨ពាន់លានដុល្លារអាមេរិក ក្នុងនោះ ផលិតផលសម្រាប់នាំចេញមានតម្លៃប្រមាណ ៧,៣ពាន់លានដុល្លារ។ នេះបើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា