ស្រុកចំនួន២នៅខេត្តស្ទឹងត្រែង កំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រុកចំនួន២នៅខេត្តស្ទឹងត្រែង កំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់

ស្រុកចំនួន២នៅខេត្តស្ទឹងត្រែង កំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់

ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យនៅខេត្តស្ទឹងត្រែង កំពុងទទួលរងការគំរាមកំហែងដោយសារទឹកជំនន់ ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៣៧គ្រួសារ, ផ្ទះចំនួន ១០ខ្នង និងស្រូវចំនួនប្រមាណ ៣៨ហិកតា។
 
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់នេះកើតឡើងស្រនពេលស្ថានីយជលសាស្ត្រសំខាន់ៗតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងបឹងទន្លេសាប កំពុងបង្ហាញកម្ពស់ទឹកកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសទន្លេមេគង្គ-ស្ទឹងត្រែង ទន្លេមេគង្គ-ក្រចេះ និងទន្លេមេគង្គ-កំពង់ចាម ដែលទឹកមានកម្ពស់​ខ្ពស់ជាងឆ្នាំមុនចន្លោះពី ២ទៅ៣ម៉ែត្រ។
 
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទនេះថា ប្រសិនបើភ្ញៀងនៅបន្តធ្លាក់ខ្លាំង ទឹកអាចបន្តឡើងជន់លិចបន្ថែមទៀត រហូតដល់ចំណុចប្រុងប្រយ័ត្ន។ ​​
 
លោកបន្ថែមថា ៖ បច្ចុប្បន្នប្រមាណជាជិត១០ ចឹងនៅសល់ប្រហែលជាកន្លះម៉ែត្រអីជាងទៀតយើងនឹងធ្វើការប្រកាសឲ្យមានការប្រុងប្រយ័ត្ន។
 
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ តំបន់វាលទំនាបរួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០%។
 
ចំណែកនៅតំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។
 
រីឯតំបន់មាត់សមុទ្ររួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា