អ្នកជំនួញម៉ាឡេស៊ី និងកម្ពុជា ជួបគ្នានៅភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនួញម៉ាឡេស៊ី និងកម្ពុជា ជួបគ្នានៅភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

អ្នកជំនួញម៉ាឡេស៊ី និងកម្ពុជា ជួបគ្នានៅភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ក្រុមអ្នកធុរកិច្ចនៃប្រទេសម៉ាឡេស៊ី និងកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
 
វេទិកានេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី។ លោកជំទាវរដ្ឋមន្ត្រី បានចាត់ទុកវេទិកាពាណិជ្ជកម្ម និងជំនួបផ្គូរផ្គងធុរកិច្ច ជាការចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
 
លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីសន្ទុះវិជ្ជមាននៃពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី។ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១ពាន់លានដុល្លារ កើនឡើងជិត ២៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨៦៥លានដុល្លារ ពោលគឺសម្រេចបាន និងកើនលើស ១ពាន់លានដុល្លារ ដូចដែលភាគីទាំងពីរបានប្តេជ្ញានាពេលកន្លងមក។
 
ជាការកត់សម្គាល់​ ការធ្វើពាណិជ្ជកម្មវាងកម្ពុជា និងម៉ាឡេស៊ី បានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ផលិតផលលេចធ្លោមួយរបស់ម៉ាឡេស៊ី គឺទឹកដោះគោស្រស់។ នៅឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចូលទឹកដោះគោស្រស់ពីប្រទេសនេះជាង ៤៧លានតោន ដែលមានទំហំទឹកប្រាក់ជាង ៥០លានដុល្លារ។
 
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បានកើនដល់ ៩៤៧លានដុល្លារ កើនឡើង ៥៨,២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
 
ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងទំហំទឹកប្រាក់ប្រមាណ ១៤០លានដុល្លារ កើនឡើងជាង ៧៦ភាគរយ។ រីឯ ទំនិញម៉ាឡេស៊ី ដែលនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៨០០លានដុល្លារ កើនឡើង ៥៥ភាគរយ។
 
លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មយល់ឃើញថា ​ កំណើនពាណិជ្ជកម្មដ៏រឹងមាំនេះបានឆ្លុះបញ្ចាំងពីភាពបំពេញបន្ថែមឱ្យគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា