សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវពង្រឹងសមត្ថភាព និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវពង្រឹងសមត្ថភាព និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទាន

សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវពង្រឹងសមត្ថភាព និងការត្រៀមខ្លួន ដើម្បីទទួលបានហិរញ្ញប្បទាន

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗ និងធនធានហិរញ្ញវត្ថុ ដើម្បីជំរុញការរីកលូតលាស់អាជីវកម្ម ពង្រឹងសមត្ថភាពប្រកួតប្រជែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកឧកញ៉ាលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍអាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ដែលរៀបចំឡើងនៅខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល។

សិក្ខាសាលានេះ គឺជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិស័យហិរញ្ញវត្ថុ និងម្ចាស់សហគ្រាស ដើម្បីរួមគ្នាជំរុញការទទួលបានហិរញ្ញប្បទាន ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជាឱ្យកាន់តែរឹងមាំ។

ទិន្នន័យជាក់ស្តែងនៅក្នុងខេត្តកណ្តាលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលសហគ្រាសកំពុងជួបប្រទះ។ យោងតាមលោកអភិបាលរងខេត្ត ប៊ុន ផេង ខេត្តកណ្តាលមានសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មសរុបចំនួន ១ ៣៦៧ មូលដ្ឋាន ជាមួយនឹងទុនអចល័តជាង ៨៥ លានដុល្លារអាមេរិក។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ ចំនួនសហគ្រាសដែលបានចុះបញ្ជីបង្កើតថ្មីមានចំនួន ៨០ មូលដ្ឋាន ប៉ុន្តែក៏មានសហគ្រាស ៨០មូលដ្ឋាន បានបិទទ្វារឈប់ដំណើរការផងដែរ។

លោកប៊ុន ផេង បានលើកឡើងថា ការទទួលបានហិរញ្ញប្បទាននៅតែជាកត្តាសំខាន់មួយសម្រាប់ការពង្រីក និងលើកកម្ពស់អាជីវកម្ម។ ដើម្បីទទួលបានហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព ម្ចាស់អាជីវកម្មមិនត្រឹមតែត្រូវការគំនិតអាជីវកម្មល្អៗប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការរៀបចំអាជីវកម្មឱ្យបានត្រឹមត្រូវ មានកំណត់ត្រាចំណូល-ចំណាយ មានផែនការអាជីវកម្មច្បាស់លាស់ មានព័ត៌មានហិរញ្ញវត្ថុដែលអាចទុកចិត្តបាន និងមានសមត្ថភាពបង្ហាញពីសក្តានុពលនៃអាជីវកម្មរបស់ខ្លួន។

លោកបានបន្តទៀតថា ក្នុងបរិបទបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលបានក្លាយជាឧបករណ៍ដ៏មានសារសំខាន់សម្រាប់អាជីវកម្ម។ ការប្រើប្រាស់ប្រព័ន្ធឌីជីថល អាចជួយឱ្យសហគ្រាសគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុបានកាន់តែមានប្រសិទ្ធភាព កត់ត្រាទិន្នន័យអាជីវកម្មបានច្បាស់លាស់ ពង្រីកទីផ្សារតាមប្រព័ន្ធអនឡាញ ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែទូលំទូលាយ និងបង្កើនភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។

ហេតុនេះ ការត្រៀមខ្លួនរបស់ម្ចាស់សហគ្រាស គួរតែផ្តោតលើការកែលម្អទាំងសមត្ថភាពគ្រប់គ្រង ការរៀបចំឯកសារអាជីវកម្ម ការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យអាជីវកម្មមានភាពជឿទុកចិត្តបាន មានតម្លាភាព និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា