ករណីបាក់ច្រាំងនៅកំពង់ចាម ប៉ះពាល់ផ្ទះចំនួន២៤ខ្នង និងរុះរើទាន់ពេលវេលាចំនួន២០ខ្នង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ករណីបាក់ច្រាំងនៅកំពង់ចាម ប៉ះពាល់ផ្ទះចំនួន២៤ខ្នង និងរុះរើទាន់ពេលវេលាចំនួន២០ខ្នង​

ករណីបាក់ច្រាំងនៅកំពង់ចាម ប៉ះពាល់ផ្ទះចំនួន២៤ខ្នង និងរុះរើទាន់ពេលវេលាចំនួន២០ខ្នង​

ទឹកទន្លេមេគង្គកំពុងតែហក់ឡើងបង្កឱ្យមានករណីបាក់ច្រាំងទន្លេខេត្តកំពង់ចាមប្រវែង៤ ៧៥៦ម៉ែត្រ  ដែលបណ្តាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន ២៤ខ្នងរបស់ពលរដ្ឋចំនួន២៤គ្រួសារ ក្នុងនោះពលរដ្ឋចំនួន ១៧គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។​
 
ករណីបាក់ច្រាំងទន្លេនេះ​ បានកើតឡើងនៅស្រុកស្ទឹងត្រង់ កំពង់សៀម និងកោះសូទិន​ ក្នុងនោះ ស្រុកកំពង់សៀមរងគ្រោះធ្ងន់ជាងគេ ដោយប៉ះពាល់ផ្ទះ១៧ខ្នង និងបានជម្លៀសពលរដ្ឋ ១៧គ្រួសារ ។ 
 
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ផ្លូវបេតុងចំនួន១ខ្សែប្រវែង១០០ម៉ែត្រ និងផ្លូវគ្រួស​ក្រហមប្រវែង៤០០ម៉ែត្រ ក៏ត្រូវបានបាក់ស្រុតផងដែរ។
 
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការបាក់ច្រាំងទន្លេនេះ គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ​នាំឱ្យចរន្តទឹកហូរមកម្ខាងច្រាំង​ និងមានដីដុះនៅច្រាំងម្ខាងទៀត។ 
 
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គហក់ឡើងក៏ជាមូលហេតុបង្កឱ្យមានការបាក់ស្រុតច្រាំង​ផងដែរ។  
                                                                                                                                       
លោកបញ្ជាក់ថា  កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ​ បានហក់ឡើងដល់ជាង ១៤ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រុងប្រយ័ត្នគឺ ១៥ ម៉ែត្រ ២តឹក។
 
បើតាមលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម  ចំពោះមុខស្ថានភាពទឹកទន្លេកំពុងហក់ឡើងនេះ​ រដ្ឋបាលខេត្តបានត្រៀមទីទួលសុវត្ថិភាពចំនួន​ ១៧៨ទីតាំង​ សម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់​ និងយកសត្វពាហនៈមករក្សាទុក។
 
ខេត្តកំពង់ចាម ទទួលរងឥទ្ធិពលព្យុះណារ៉ា ដែលបង្កឱ្យមានភ្លៀងផ្គររន្ទះពីតិចទៅច្រើន អាចធ្វើឱ្យកម្ពស់ទឹកទន្លេកើនឡើងក្នុងកម្រិតគួរឱ្យកត់សម្គាល់ បង្កឱ្យមានជំនន់នៅតាមដងទន្លេ និងនៅតាមតំបន់ខ្លះ ចាប់ពីថ្ងៃទី២២​ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
 
សូមបញ្ជាក់ថា ក្រៅពីខេត្តកំពង់ចាម ការបាក់ច្រាំងក៏កើតមាននៅតាមតំបន់ផ្សេងៗទៀតផងដែរ នៅតាមបណ្តោយដងទន្លេមេគង្គ និងទន្លេបាសាក់ ដោយនាំទៅជាមួយនូវផ្ទះប្រជាពលរដ្ឋ ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា