ខេត្តកំពង់ធំ ស្វាគមន៍កំណើនភ្ញៀវអន្តរជាតិជិត ១២.០០០ នាក់ ក្នុងរយៈពេល ៧ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តកំពង់ធំ ស្វាគមន៍កំណើនភ្ញៀវអន្តរជាតិជិត ១២.០០០ នាក់ ក្នុងរយៈពេល ៧ខែ

ខេត្តកំពង់ធំ ស្វាគមន៍កំណើនភ្ញៀវអន្តរជាតិជិត ១២.០០០ នាក់ ក្នុងរយៈពេល ៧ខែ

វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំបានបង្ហាញពីសញ្ញាវិជ្ជមាន ដោយទទួលបានទេសចរអន្តរជាតិរហូតដល់ជាង១ម៉ឺន ២ពាន់​នាក់ ត្រឹមរយៈពេល៧ខែ ខណៈកាលពីឆ្នាំទៅមិញក្នុងរយៈដូចគ្នាមាន ចំនួនត្រឹមជាង១ម៉ឺន១ពាន់នាក់។

ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ ខេត្តកំពង់ធំទទួលបានភ្ញៀវ ទេសចរអន្តរជាតិចំនួន ១២.៥០០នាក់ ពោលគឺ​កើនឡើង​បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ដែលមានត្រឹមតែ ១១.០០០ នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត កំពង់ធំកាលពីពេលថ្មីៗនេះ។

ទន្ទឹមនឹងនេះរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា​ រយៈពេល៧ខែ ខេត្តកំពង់ឆ្នាំងធំ ក៏បានទទួលទេសចរ​ជាតិ​ប្រមាណ ៦៥ម៉ឺននាក់។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់ បណ្តាញព័ត៌មាន AMS ថា ខេត្តកំពង់ធំ ​មានរមណីយដ្ឋាន​បែប​ធម្មជាតិ និងវប្បធម៌ ​​ដ៏ទាក់​ទាញជាច្រើនកន្លែង រួមមាន ​រមណីយដ្ឋាន​ប្រាសាទសំបូរ​ព្រៃគុក​, ប្រាសាទ​គុក​នគរ​, ភ្នំ​សន្ទុក​, ស្ទឹង​ព្រៃ​ប្រស់​, បឹង​សំរឹទ្ធិ ធ្នស់តាព្រំ ស្ទឹងព្រៃប្រស់ សហគមន៍អេកូទេសចរណ៍រស្មីភូមិពីរ គិរីបឹងក្រញ៉ាក តំបន់អេកូទេសចរណ៍​ផាត់​សណ្តាយ និង​រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត ជាដើម​។ 

ក្នុងចំណោមរមណីយដ្ឋានទាំងនេះ រមណីយដ្ឋានដែលល្បីល្បាញ​ជាងគេ​គឺ «ប្រាសាទសំបូរ​ព្រៃ​គុក» ។បណ្ដុំនៃប្រាសាទនេះត្រូវ​បាន​ចាត់ទុក​ជា​បេះដូងរបស់ខេត្តកំពង់ធំ។

របាយការណ៍មន្ទីរជំនាញដដែលបានបង្ហាញទៀតថា បច្ចុប្បន្នខេត្ត​មាន​សណ្ឋាគារចំនួន ៧ទីតាំង និងផ្ទះសំណាក់ចំនួន ៦៨​ទីតាំង។ បើតាមឯកឧត្តមអភិបាលខេត្តកំពង់ធំបានកត់សម្គាល់ថា ចំនួនភ្ញៀវ​ទេសចរដែលមកកម្សាន្ត ហើយសម្រេចចិត្ត​ស្នាក់​នៅចន្លោះពី ១ ទៅ ២យប់ នៅក្នុងខេត្តបានកើនឡើងជាង ៣០ភាគរយ។

ជាមួយចំណូលប្រចាំឆ្នាំប្រមាណ ៦លានដុល្លារ វិស័យនេះបានរួម​ចំណែកផ្ទាល់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល​ប្រជាពលរដ្ឋ និងលើកកម្ពស់ស្តង់ដារសេវាកម្មទេសចរណ៍ក្នុងខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ខេត្តកំពង់ធំបានទាក់ទាញភ្ញៀវទេសចរ​ជាតិឱ្យមកកម្សាន្តជាង ៨០ម៉ឺននាក់ និងភ្ញៀវទេសចរ​អន្តរជាតិចំនួន ២២ ០០០នាក់៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា