ក្រសួងសុខាភិបាលចេញវិធានការការពារសុខភាព ត្រៀមបម្រុង និងឆ្លើយតបគ្រោះទឹកជំនន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសុខាភិបាលចេញវិធានការការពារសុខភាព ត្រៀមបម្រុង និងឆ្លើយតបគ្រោះទឹកជំនន់

ក្រសួងសុខាភិបាលចេញវិធានការការពារសុខភាព ត្រៀមបម្រុង និងឆ្លើយតបគ្រោះទឹកជំនន់

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពីវិធានការការពារសុខភាព ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើង។  

ដើម្បកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ជាអតិបរមា ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទទួលសេវាសុខភាព និងបម្រុងទុកស្បៀងអាហារ ព្រមទាំងឱសថសង្គ្រោះបន្ទាន់។

សេចក្តីក្រើនរំលឹកនេះធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពភ្លៀងធ្លាក់ច្រើននៅកម្ពុជា អាចបង្កើតជាជំនន់ទឹកភ្លៀងរហ័សនៅតាមតំបន់ទំនាប ព្រមទាំងជម្រុញឱ្យទឹកទន្លេ ព្រែក ស្ទឹង ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ក្រសួងសុខាភិបាលណែនាំឲ្យប្រជាពលរដ្ឋត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលសញ្ញាសម្គាល់ជុំវិញអណ្ដូងទឹក រន្ធបង្គន់ ឬកន្លែងដែលមានទឹកជ្រៅ រួមទាំងត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងសាងសង់រានដីឱ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់។ ជាងនេះទៅទៀត ក្នុងអំឡុងពេលទឹកជំនន់ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពអគ្គិសនី ដោយមិនត្រូវចូលទៅក្នុងផ្ទះ ឬអាគារទ្រុឌទ្រោម និងមិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកដាច់ខាត។

ចំពោះការការពារជំងឺ ត្រូវសម្រាកក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ ព្រមទាំងត្រូវកម្ទេចជម្រកមូស។

សម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវតាមដានសុខភាព និងពិនិត្យផ្ទៃពោះតាមកាលកំណត់ ព្រមទាំងស្វែងរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ប្រសិនបើជិតដល់ពេលសម្រាល។
ចំពោះការគាំពារជនងាយរងគ្រោះ ត្រូវយកចិត្តទុកដាក់ជាពិសេសលើមនុស្សចាស់ កុមារ និងជនពិការភាព ដោយត្រៀមលើកទូក របង ឬសំពៅដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។

ជាមួយគ្នានេះ ក្នុងការធ្វើដំណើរតាមទូក ឬកាណូត មិនត្រូវដាក់មនុស្សលើសកម្រិតឡើយ ហើយការធ្វើដំណើរនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ និងអាវពពែសុវត្ថិភាពជានិច្ច។ លើសពីនេះ ត្រូវប្រុងប្រយ័ត្នសត្វអាសិរពិស ត្រូវពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬឡើងលើដើមឈើ ហើយពេលធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណីមានសត្វអាសិរពិសខាំ ឬទិច ត្រូវបញ្ជូនជាប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

បន្ថែមពីនេះ ការបរិភោគអាហារ និងទឹកស្អាត ត្រូវប្រើប្រាស់ទឹកស្អាត ឬទឹកដាំពុះ ឬប្រើប្រាស់ថ្នាំក្លរ៉ាមីន ឬអាគ័រតាមការណែនាំ ដើម្បីចៀសវាងជំងឺរាគរូស ជំងឺអាសន្នរោគ ពុលអាហារ ឬជំងឺឆ្លងផ្សេងៗ។ ​

បើតាមក្រសួងសុខាភិបាល នៅគ្រប់ដំណាក់កាល ប្រសិនបើសង្ស័យថា មានបញ្ហាសុខភាព ត្រូវរកការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺជាប្រញាប់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ប្រជាពលរដ្ឋអាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួង ១១៥ ដោយឥតគិតថ្លៃ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា