មេទ័ពកម្ពុជាជំរុញការចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័នស៊ីវិល ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេទ័ពកម្ពុជាជំរុញការចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័នស៊ីវិល ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ

មេទ័ពកម្ពុជាជំរុញការចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័នស៊ីវិល ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានកោតសរសើរការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នកងទ័ព និងអង្គភាពស៊ីវិល ដែលបានរួមចំណែកជួយពង្រឹងខឿនការពារជាតិ ជាពិសេសជួយគាំទ្រដល់សមរភូមិមុខ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិល ឆ្នាំ២០២៥ សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥ ក្រោមប្រធានបទ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារ ដើម្បីជំរុញកំណែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកងទ័ព ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជន ដែលបានចូលរួមគាំទ្រការងារសម្ព័ន្ធមេត្រីភាព និងបានអំពាវនាវឱ្យបន្តសហការយ៉ាងសកម្ម ដោយផ្តោតលើការគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបម្រើដល់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់អង្គភាពកងទ័ព។

ឯកឧត្តម បានណែនាំឱ្យបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ សិក្សារកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅ ព្រមទាំងជំរុញការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ជីវភាពកងទ័ព។

ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់លើការប្រើប្រាស់ជំនួយសម្ព័ន្ធមេត្រីភាពឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីរួមចំណែកដល់ការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពបទបញ្ជា បន្តបំពេញភារកិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

សិក្ខាសាលាដកបទពិសោធន៍នេះ បានកំណត់នូវបញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តបន្តមួយចំនួន ដើម្បីធ្វើឱ្យការងារសម្ព័ន្ធមេត្រីភាពកាន់តែមានប្រសិទ្ធភាព រួមចំណែកពង្រឹង «ខឿនការពារជាតិរបស់ប្រជាជន» ឱ្យកាន់តែរឹងមាំ៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា