សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ផ្គុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិ មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នាតាមព្រំដែនខ្នាតតូចមិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ។
 
ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៍សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង។ 
 
ជាងនេះទៅទៀត ដើម្បីឈានផុតពីការទូតបែបអកម្ម សម្តេចតេជោបានអំពាវនាវឲ្យមានការបង្កើតបណ្តាញអន្តរជាតិនៃអ្នកសម្រុះសម្រួលឆ្នើមសភា ដោយប្រមូលផ្តុំនូវសមាជិកសភាលេចធ្លោនានា ដែលអាចជំរុញការសម្រុះ​សម្រួល​ឱ្យមានសន្តិភាពដោយសកម្ម។
 
សម្ដេចតេជោមានប្រសាសន៍ថា ប្រធានអង្គនីតិប្បញ្ញត្តិទាំងអស់សុទ្ធសឹងជាឥស្សរជននយោបាយដែលមានបទពិសោធខ្ពស់ មានបណ្តាញទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ និងមានកិត្យានុភាព។ ដូច្នេះ បណ្តាញសម្រុះសម្រួលឯកទេសនេះត្រូវតែឈានជើងឱ្យផុតពីភាពរឹងត្អឹងនៃមនោគមវិជ្ជា ហើយអាចធ្វើសកម្មភាពដោយភាពរហ័សរហួន ដើម្បីសម្រុះសម្រួលផ្ទាល់ជាមួយភាគីជម្លោះ មុនពេលដែលការប៉ះទង្គិចគ្នាបន្តិចបន្តួចអាចផ្ទុះឡើង បង្កជាសង្គ្រាមទ្រង់ទ្រាយធំ។ 
 
សម្ដេចបានសង្កត់ធ្ងន់ថា ភ្លើងសង្គ្រាមក្នុងប្រទេសមួយលែងជារឿងដាច់ដោយឡែកទៀតហើយ ព្រោះវាអាចបក់ផ្សែងមកដល់ជើងមេឃ ដែលអាចខ្ទប់ដង្ហើមយ៉ាងងាយស្រួល។ ដូច្នេះ ដើម្បីជំនួសជាអចិន្ត្រៃយ៍នូវច្បាប់ព្រៃ «អ្នកខ្លាំងឈ្នះ» ​ស្ថាប័ននីតិប្បញ្ញត្តិត្រូវបន្តចេញសេចក្ដីថ្លែងការណ៍រួមដ៏មានឥទ្ធិពល និងបង្ហាញសាមគ្គីភាពឥតងាករេ។
 
សម្តេចប្រធានព្រឹទ្ធសភាសង្កត់ធ្ងន់ថា សហគមន៍ដែលគោរពច្បាប់ដូចបណ្តាញបណ្តាញសន្និសីទអន្តរសភានេះ គប្បីខិតខំស្វែងរកផ្លូវច្បាប់ដើម្បីទប់ស្កាត់ល្បិចកលប្រផេះ ដែលចង់ពង្រីកមហិច្ឆតាទឹកដី និងការត្រួតត្រាលើអធិបតេយ្យប្រទេសដទៃដោយបង្ខំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ។
 
ត្រង់ចំណុចនេះ សម្តេចតេជោបានរិះគន់ការប្រើប្រាស់ការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះបទល្មើសឆ្លងដែន ដូចជាការឆបោកតាមអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ ដូចក្នុងករណី កម្ពុជា-ថៃ ដោយសម្តេចចាត់ទុកថា នេះគឺជាទម្រង់នៃសង្គ្រាមទំនើបមួយនៅក្នុងយុទ្ធវិធីប្រផេះនេះឯង៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា